ភ្នំពេញៈ នាយរងនគរបាល ប៉ុស្តិ៍បឹងទំពុន ម្នាក់ និង មន្ត្រី ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នគរបាល ខណ្ឌមានជ័យ ម្នាក់ទៀត បានត្រូវបញ្ចូនមក អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដើម្បីសាកសួរករណី ក្លែងត្រាធ្វើសៀវភៅស្នាក់នៅ ឲ្យប្រជាពលរដ្ឋ ក្នុងតម្លៃ ៨០ដុល្លារ។
នាយរងនគរបាល ប៉ុស្តិ៍បឹងទំពុន ឈ្មោះ កែវ សារ៉ាវុធ និង មន្ត្រី ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នគរបាល ខណ្ឌមានជ័យ ឈ្មោះ សួន សុវណ្ណ ត្រូវសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នេះ។
ដើមចម ដែលនាំឲ្យមានការឃាត់ខ្លួននេះ បានកើតឡើង ក្នុងខណៈ ដែលប្រជាពលរដ្ឋ បានយកសៀវភៅស្នាក់នៅ ទៅសាលាសង្កាត់ ដើម្បីសុំធ្វើសំបុត្រកំណើត។ នៅពេលនោះ មន្ត្រីសាលាសង្កាត់ មានការសង្ស័យថា សៀវភៅស្នាក់នៅនេះ មានភាពមិនប្រក្រតី ក៏ទំនាក់ទំនងសួរទៅ នគរបាលខណ្ឌមានជ័យ ទើបដឹងថា ជាសៀវភៅស្នាក់នៅ ក្លែងក្លាយ។
យោងតាមចម្លើយ ប្រជាពលរដ្ឋរងគ្រោះ សមត្ថកិច្ច បានចុះឃាត់ខ្លួនមនុស្សពីរនាក់ ខាងលើ យកមកសាកសួរ ។ ចំពោះមុខសមត្ថកិច្ច មនុស្សទាំងពីរនាក់នេះ បានសារភាពថា ពួកគេ បានធ្វើសៀវភៅស្នាក់នៅ ក្លែងក្លាយនេះ តាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ពោល គឺឈ្មោះ កែវ សារ៉ាវុធ បានទៅធ្វើត្រា អធិការនគរបាល ខណ្ឌមានជ័យ ក្លែងត្រា បានចុះស្ថិតិក្លែង និង យកសៀវភៅស្នាក់នៅ ដែលមិនទាន់សរសេរ យកមកប្រគល់ឲ្យឈ្មោះ សួន សុវណ្ណ ជាអ្នកសរសេរបំពេញ និងវាយត្រាតែម្តង រួចប្រគល់ទៅឲ្យប្រជាពលរដ្ឋ ក្នុងតម្លៃ ៨០ដុល្លារ ក្នុងសៀវភៅស្នាក់នៅ មួយក្បាល។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់នេះ កំពុងស្ថិតក្រោមចំណាត់ការរបស់ លោកព្រះរាជអាជ្ញារង សៀង សុខ សាកសួរ៕
មតិយោបល់