ព្រះសីហនុៈ ជនបរទេសម្នាក់ជាជនជាតិទួគី ត្រូវបានកំលាំងនគរបាលចរាចរណ៍ផ្លូវគោក ចាប់វាយខ្នោះ បញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៍ភ្លាមៗដែរ បន្ទាប់ពីជនបរទេសរូបនោះ បានបើករថយន្តក្នុងស្ថានភាពស្រវឹង បុករះរឺម៉ងកង់បី និង ស្លាកយីហោអាហារដ្ឋានគូរ៉េ ហើយបានសម្តែងអាកប្បកិរិយាអសីលធម៌មកលើក្រុមប្រជាពលរដ្ឋ និងភាគីជនរងគ្រោះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៩ឧសភា នៅចំនុចមុខប៉ុស្តិ៍នគរបាលទេសចរណ៍ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីលោក វរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង១:០០នាទីយប់ថ្ងៃទី២០ឧសភា នៅចំនុចមុខប៉ុស្តិ៍នគរបាលទេសចរណ៍ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកស៊ីលីការពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A 4982 បើកបរដោយឈ្មោះAKMESE ALI ភេទ ប្រុស អាយុ៤១ឆ្នាំជនជាតិ ទូគី មានមុខរបរទេសចរណ៍ ក្នុងស្ថានភាពស្រវឹង បានបើកទៅបុករឺម៉ក កង់បីមួយគ្រឿង រងការខូចខាតមធ្យម រួចបន្តទៅបុកស្លាកយីហោអាហារដ្ឋានគូរ៉េ ទ្រេត ស្ទើនឹងដួល បង្កឲ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង ប៉ុន្តែពុំបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ដោយសារតែក្រោយកើតហេតុជនបង្ក មានអាកប្បកិរិយាអសីលធម៌ មិនគោរពច្បាប់ ពុំសហការជាមួយសមត្ថកិច្ច ទើបសមត្ថកិច្ចសម្រេចចិត្តវ៉ៃខ្នោះ បញ្ជូនខ្លួនមកកាន់ការិយាល័យ ដើម្បីអនុវត្តន៍ទៅតាមនិតិវិធីច្បាប់ ម្យ៉ាងវិញទៀតដើម្បីបញ្ជៀសនៅហេតុការណ៍ផ្សេងៗដែលអាចផ្តើមចេញពីកំហឹងរបស់ប្រជាពលរដ្ឋ៕
មតិយោបល់