ព័ត៌មានជាតិ

Update៖ គ្រូពេទ្យម្នាក់ឡើងផ្សាដំបូលផ្ទះ ត្រូវចរន្តអគ្គីសនីឆក់ធ្លាក់កម្ពស់៦ម៉ែត្ររបួសធ្ងន់

ភ្នំពេញៈ គ្រូពេទ្យម្នាក់បានរងរបួសចង្កេះយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលដែលគាត់ឡើងស្វានដំបូលផ្ទះ បន្ទាប់មកបានស្រាវខ្សែភ្លើង ហើយបានប៉ះចំមុខតំណរ បណ្ដាលឲ្យឆក់របូតដៃធ្លាក់បោកជាមួយធ្នឹមជញ្ជាំងផ្ទះខាងក្រោមពេញទំហឹងតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០ នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គាត់មានប្រពន្ធនិងកូនស្រី២នាក់ មានស្រុកកំណើត នៅភូមិតាង៉ក់ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើនោះឈ្មោះ ឡា សាវឿន អាយុ៣៩ឆ្នាំ ជាគ្រូពេទ្យ ស្នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ គាត់ទើបមកទិញដីធ្វើផ្ទះនៅចំណុចកើតហេតុនោះមិនទាន់ហើយនៅឡើយទេ ដោយឡែកមុនពេលកើតហេតុ គាត់បានឡើងផ្សានិងស្វានដំបូលផ្ទះ ខណៈស្វានរួចមួយកន្លែងគាត់បានស្រាវខ្សែភ្លើងដើម្បីបន្តទៅស្វានមួយកន្លែងទៀត ចៃដន្យប៉ះចំមុខតំណរបណ្ដាយឲ្យឆក់របូតដៃធ្លាក់បោកនិងធ្នឹមជញ្ជាំងផ្ទះ រងរបួសបាក់ចង្កេះយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុក្រុមគ្រួសារ បានបញ្ជូនគាត់តាមរថយន្តរបស់ក្រុមសង្គ្រោះអង្គភាព៧១១ ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕

https://youtu.be/fyNX3tkxcw4

មតិយោបល់