ព័ត៌មានជាតិ

ដាច់កន្ទុយសណ្តោងគ្រឿងចក្រពីរថយន្ត កិនអ្នកជិះកង់២នាក់រងរបួសធ្ងន់

កំពតៈ ភ្នាក់ងារPost News ប្រចាំខេត្តកំពត បានរាយការណ៍មកថា នារី២នាក់បងប្អូនបានរងរបួសធ្ងន់ ដោយសារកន្ទុយសណ្តោងរថយន្តគ្រឿងចក្រ ដាច់ហើយរអិលបុក និងកិនពីលើ។

ហេតុការនេះបានកើតឡើង នៅវេលាម៉ោងប្រមាណ ៥និង ៣០ នាទី ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ប្រេងតាឡា នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិបឹងតារោម ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ព្រំ ជា អាយុ២៣ឆ្នាំ ម្នាក់ទៀតឈ្មោះ ព្រំ សៀរ អាយុ១៧ ឆ្នាំ ជាបងប្អូនបង្កើត ទាំង២នាក់ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារី២នាក់ខាងលើ ជិះកង់ម្នាក់មួយ តពីក្រោយគ្នា ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំនុចខាងលើ មានរថយន្តដឹកដីមួយគ្រឿងពណ៌ខៀវ ស្លាកលេខភ្នំពេញ 3A -1807 អូសកន្ទុយសណ្តោងគ្រឿងចក្រគ្មានបច្ចេកទេស ដាច់រអិលទៅបុកនិងកិនពីលើ នារីទាំង២ បណ្តាលឲ្យកៀបទាំងមនុស្សនិងកង់ រងរបួសធ្ងន់ ភ្លាមនោះអ្នកបើករថយន្តឃើញសភាពមិនស្រួលបានបើកគេចមិនចង់ដោះស្រាយ ធ្វើឲ្យពលរដ្ឋក្បែរនោះហួសចិត្តយ៉ាងខ្លាំង ក៏នាំគ្នាជាច្រើននាក់ជិះដេញតាមរថយន្ត រហូតឃើញរថយន្តឈប់នៅផ្លូវវាងក្រុង ឆ្ងាយពីកន្លែងកើតហេតុប្រមាណ៨០០ម៉ែត្រ ដោយឡែកអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ស្រមោល។ តែយ៉ាងណាក៏ដោយម្ចាស់រថយន្តខាងលើត្រូវបាន គេស្គាល់ថា ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងខ្នងបង្អែកធំទៀតផង។

ក្រោយពេលកើតហេតុពលរដ្ឋ ឃើញសភាពនារីរងគ្រោះមិនសូវស្រួលក៏នាំគ្នា ជួយដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែមកដល់ពេលនេះ នារីជាបងស្រីនៅមិនទាន់ដឹងខ្លួននៅឡើយទេ ហើយមានភាពរវើរវាយថែមទៀត។

ចំពោះរថយន្តនិងកង់ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុករងចាំ ការដោះស្រាយពីភាគ្គីទាំងសងខាង៕

https://youtu.be/ikXPtAr7TbQ

មតិយោបល់