ព័ត៌មានជាតិ

ស្ទេបជិះបញ្ច្រាសទិសចរាចរណ៍ បុកម៉ូតូគុបអាគុយស្ងួតបណ្តាលឲ្យរងរបួសទាំងសងខាង

ភ្នំពេញ: ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្ទេបមួយគ្រឿង ជិះគ្នាចំនួន៣នាក់ បើកបរក្នុងល្បឿនយ៉ាងលឿន មិនដឹងថាជាប្រញាប់ទៅណាឡើយ បើកលឿនដូចហោះ ក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍គឺជិះដូចជាម៉ូតូលួចគេយកមកជិះអញ្ចឹង បានជែងរថយន្តនៅខាងមុខ រួចជ្រុលទៅបុកនឹងម៉ូតូគុបជ្រុងមួយគ្រឿងទៀត ដែលបើកបរដោយស្រ្តីម្នាក់ក្នុងល្បឿនយឺតៗ និងក្នុងទិសដៅត្រឹមត្រូវតាមច្បាប់ចរាចរណ៍បណ្ដាលឲ្យស្រ្តីរូបនោះរងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកក្រុមជនបង្កដែលជិះម៉ូតូស្ទេប ម្នាក់រងរបួសធ្ងន់ រីឯ២នាក់ទៀតរងរបួសស្រាល និងបានរត់គេចខ្លួនបាត់ស្រមោល មិនហ៊ាននៅទេព្រោះដឹងថាខ្លួនល្មើសច្បាប់ចរាចរណ៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុង ច្រកចូលសាលារៀនវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ុយគីស្ទេប ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1A-4359 មួយគ្រឿងខាងលើនោះ ជិះដោយបុរស៣នាក់ឌុបគ្នាធ្វើដំណើរ ក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍ ក្នុងល្បឿនលឿនដូចព្រួញមើលសឹងតែមិនទាន់ ដោយមិនដឹងថាប្រញាប់ ទៅណានោះទេ ទើបបើកលឿនម្លឹងៗនិងជែងរថយន្តខាងមុខ ក្នុងបំណងឡើងទៅលើផ្លូវវេងស្រេង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូ ម៉ាកគុបជ្រុងអាគុយស្ងួត ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល 1T-7451 បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ត្រឹមត្រូវតាមច្បាប់ចរាចរណ៍ បណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ ចំណែកជនបង្កបានរងរបួសធ្ងន់ម្នាក់ដែរ ហើយបក្ខពួ២នាក់ទៀត បានរត់គេចខ្លួនបាត់ព្រោះរងរបួសស្រាល។

ក្រោយពេលកើតហេតុ អ្នករងរបួសទាំង២នាក់នោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ហើយមិនទាន់ដឹងថា តើអ្នករបួសទាំងនោះអាចគេចផុតពីសេចក្ដីស្លាប់ឬបែបណានៅឡើយទេ៕

មតិយោបល់