ព័ត៌មានជាតិ

ឃាត់ខ្លួន ក្រុមចោរប្រដាប់ដោយកាំបិតចុងស្រួច ភ្ជង់ប្លន់នារីខារ៉ាអូខេ បាន២នាក់

ព្រះសីហនុ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ធ្វើសកម្មភាព ភ្ជង់ប្លន់យកទ្រព្យសម្បត្តិ ពីនារីបម្រើការងារខារ៉ាអូខេ កាលពីវេលាម៉ោង៣ និង២៥នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៧ នៅម្តុំជិតរង្គសាលអិលវី ស្ថិតនៅក្រុមទី៤៧ ភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ គង់ កីឡាកាស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជនដៃដល់) និងជនសង្ស័យទី២មានឈ្មោះ ង៉ែត ឡែន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (សហចារីអ្នកបើកម៉ូតូ)។

ចំណែកជនរងគ្រោះ ទី១មានឈ្មោះ ខុំ ភាព ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាអ្នកចាប់ទឹកកក ឃីង ផារ៉ូ មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ និងទី២មានឈ្មោះ ហែម ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាអ្នកចាប់ទឹកកក ឃីង ផារ៉ូ មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

ក្នុងនោះដែរ សម្ភារ:ដែលបាត់បង់រួមមាន៖ ទូរសព្ទដៃម៉ាក IPhone 5Sចំនួន ១គ្រឿង ពណ៌ទឹកមាស, ទូរសព្ទដៃម៉ាក IPhone 5 ១គ្រឿង ពណ៌ស ទូរសព្ទដៃម៉ាក អិនចុចពិល ១គ្រឿង, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, លុយខ្មែរចំនួន ១៣០,០០០រៀល (ដប់បីម៉ឺនរៀល), លុយដុល្លារចំនួន២០ដុល្លារ,កាតធនាគារ១ និងកាបូបស្ពាយពណ៌សមួយ។

ក្នុងនោះដែរសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ដាវមុខរណា មានចុងស្រួច ចំនួន១ (សម្រាប់ធ្វើសកម្មភាព),ម៉ូតូម៉ាក JUPETER ពណ៌ខ្មៅ ១គ្រឿង សម្រាប់ធ្វើសកម្មភាព,ទូរសព្ទដៃម៉ាកIPhone 5S ១គ្រឿងពណ៌ទឹកមាស និងទូរសព្ទដៃម៉ាក IPhone ១គ្រឿងពណ៌ស (ទូរសព្ទទាំងពីរជារបស់ជនរងគ្រោះ) ។

ក្រោយពីកើតហេតុ រហូតដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ក សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការតាមផ្លូវច្បាប់៕

មតិយោបល់