ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស ៦នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកបាកាន

ពោធិ៍សាត់ៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកម៉ូតូ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន បណ្តាលឲ្យមនុស្សចំនួន ៦នាក់ ស្រី ២នាក់ រងរបួសធ្ងន់ស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញម៉ូតូធន់C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1E-2344 បើកបរពីទិសខាងកើតទៅលិចដោយឈ្មោះ ណម សុផាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន (របួសស្រាល) និងអ្នករួមដំណើរជិះពីក្រោយ៖
១-ឈ្មោះ ស៊ន ធាង ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសស្រាល)។
២-ឈ្មោះ ឆាយ គា ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់)។ លុះបើកបរដល់ចំណុចកើតហេតុខាងលើបាន បុកម៉ូតូម៉ាក ស៊ូមមើអិច ពណ៌ស្វាយ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1L-6477 ដែលបើកឆ្លងផ្លូវពីទិសខាងជើងទៅត្បូង ដោយឈ្មោះ ប៊ុន វណ្ណហៀប ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន (របួសស្រាល) និងអ្នករួមដំណើរជិះពីក្រោយ៖
១-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ ៣ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសស្រាល)។
២-ឈ្មោះ ឈាង ឆាង ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន (របួសស្រាល)។ ក្រោយពេលកើតហេតុគេបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យបង្អែកបាកាន។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នារបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាល្បឿន និងការមិនប្រុងប្រយ័ត្ន។ រីឯវត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល
បឹងខ្នារដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់