ព័ត៌មានជាតិ

លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ក្រាប​ បានបទល្មើស​គ្រឿងញៀន​សរុប ៣៧៧ករណី ​នៅ​ទូ​ទាំ​ប្រទេស​ក្នុង​ខែមិថុនា ឆ្នាំ២០២១នេះ

ភ្នំពេញ៖ លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូ​ទាំ​ប្រទេស​ក្នុង​ខែមិថុនា ឆ្នាំ២០២១នេះ ហើយក៏​ជាការ​ចាប់ផ្តើម​ដើម្បី​ជម្រាបជូន​ដល់​បងប្អូន​ជនរួមជាតិ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចប្រតិបត្តិការ​របស់​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ចូល​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​នេះ ។

តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​របស់​កម្លាំង​អនុវត្ត​ច្បាប់ បានបង្ហាញ​ឱ្យឃើញថា មាន​សកម្មភាព ចរាចរណ៍ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅតែ​បន្ត​កើតមានឡើង​ក្នុងភូមិ​សាស្ត្រ​រាជធានី ខេត្ត គឺ​ក្នុង​ខែមិថុនា​នេះ យើង​បង្ក្រាបបាន បទល្មើស​គ្រឿងញៀន​សរុប ៣៧៧ករណី (ធៀប​នឹង​ខែឧសភា/២០២១, មាន ៤២៣ករណី) ថយចុះ ៤៦ករណី ស្មើនឹង ១០៨ភាគរយ ក្នុងនោះ ករណី​ជួញដូរ រក្សាទុក ២៨១ករណី, ករណី​ប្រើប្រាស់ ៨៧ករណី, ករណី​សំយោគ កែច្នៃ ០២ករណី, ករណី​ដាំ​ដុះ ០៧ករណី ។

ករណី​គ្រឿងញៀន​បង្ក្រាប​ដោយ សមត្ថកិច្ច​នគរបាល​ចំនួន ៣៥៤ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៧៦១នាក់ (ស្រី ៥៣នាក់) និង ករណី​គ្រឿងញៀន​បង្ក្រាប​ដោយ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចំនួន ២៣ករណី ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ៤៦នាក់ (ស្រី ០៣នាក់) ។

ឃាត់ខ្លួន​ជនសង្ស័យ​សរុប មាន ៨០៧នាក់ ស្រី ៥៦នាក់ (ធៀប​ខែឧសភា/២០២១, មាន ៩១៤នាក់) ថយចុះ ១០៧នាក់ ស្មើនឹង ១១៧ភាគរយ ក្នុងនោះ ជនសង្ស័យ​ក្នុងករណី​ជួញដូរ រក្សាទុក ជនសង្ស័យ​ក្នុងករណី​ប្រើប្រាស់​គ្រឿងញៀន ៥៨៤នាក់ (ស្រី ៣៩នាក់) ២១៤នាក់ (ស្រី ១៧នាក់), ជនសង្ស័យ​ក្នុងករណី​សំយោគ កែច្នៃ ០៩នាក់ ។

ក្រៅពី​លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាក់ស្តែង​ខាងលើនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ផ្នែក និង​គ្រប់​ជាន់ថ្នាក់​ក៏បាន​ខិតខំ​ធ្វើ​សកម្មភាព​ក្នុង​ផ្នែកផ្សេងៗទៀត​ដូចជា​ការងារ​អប់រំ​ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និង​បដិសេធ​គ្រឿងញៀន តាម​សហគមន៍ តាម​បណ្តាញសារព័ត៌មាន និង​បណ្តាញ​សង្គម ដែលមាន​អ្នកចូលរួម​អាន និង​ស្តាប់​រាប់លាន​នាក់ ។ ជាមួយគ្នានេះ​ក៏មាន​សកម្មភាព​កាត់បន្ថយ​គ្រោះថ្នាក់​បណ្តាលមកពី​ការប្រើប្រាស់​គ្រឿងញៀន​ដូចជា​ការព្យាបាល ការ​ស្តារនីតិសម្បទា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាដើម ។ ក្រៅពីនោះ​យើង​ក៏បាន​បង្កើន​ការងារ​សហប្រតិបត្តិកា​រ​ជាមួយ​ប្រទេសជិតខាង ប្រទេស​នៅក្នុង​តំបន់ និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ។

ផ្អែក​តាម​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ខែមិថុនា​នេះ ខ្ញុំ​សូម​សម្តែង​ការកោតសរសើរ​ចំពោះ​សកម្មភាព​ប្រតិបត្តិការ​របស់​កម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​សកម្មភាព​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បានរួម​ចំណែក​ដើម្បី ថែរក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការពារ​សុខុមាលភាព​សង្គម ។

ក្នុងនាម​ជា​ប្រធាន​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​កម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ និង​ប្រជាពលរដ្ឋ​យើង​ទាំងអស់ បន្ត​ចូលរួម​អនុវត្ត​សកម្មភាព​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដើម្បី​ឲ្យ​ប្រទេសជាតិ​យើង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ដោយ​គ្រឿងញៀន នឹង​ឈានទៅ​គ្មាន​គ្រឿងញៀន តាម​ទិស​ស្លោក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បី​កុំ មួយ​រាយការណ៍​គឺ៖

– កុំ​ពាក់ព័ន្ធ ៖ កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន ។

– កុំ​អន្តរាគមន៍ ៖ កុំ​រារាំង​ការ​រ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុមគ្រួសារ សាច់ញាតិ ឫ មិត្ត​ភ​ក្កិ​ក៏ដោយ ។

– កុំ​លើកលែង ៖ កុំ​បន្ធូរបន្ថយ​ការ​អនុត្ត​ច្បាប់​ចំពោះ​ឧ​ក្រិ​ដ្ឌ​ជន​គ្រឿងញៀន។ សមត្ថកិច្ច​ពាកព័ន្ធ​ទាំងអស់​ត្រូវអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​វិជ្ជាជីវ:របស់ខ្លួន ហើយ​ជន​គ្រប់រូប​ត្រូវគោរព និង​អនុវត្ត​ច្បាប់ ។

– មួយ​រាយការណ៍៖ត្រូវ​រាយការណ៍ ផ្តល់ព័ត៌មាន ដល់​សមត្ថកិច្ច​អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​កែច្នៃ​ផលិត​និង​ទីតាំង​ស្តុក​ទុក​គ្រឿងញៀន​ខុសច្បាប់​ដល់​សមត្ថកិច្ច ៕

មតិយោបល់