ប៉ៃលិនៈ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងកាច់ ធ្វើការក្របួចជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចំនួន១៦៦គ្រាប់ កាលពីវេលាម៉ោង៥៖១០នាទី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ដែលមានម្ចាស់ ឈ្មោះ សា រឿន ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យ ទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ឈ្មោះ អ៊ិត សំអាត់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ទី២ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរឹបអូសបានថ្នាំញៀន ចំនួន១៦៦គ្រាប់ ម៉ូតូមួយគ្រឿង ទូរស័ព្ទដៃមួយ និងលុយចំនួនមួយលានរៀល។
លោក សោម ប៉ិម ស្នងការរង ទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺលោកទទួលដំណឹងបានតាមរយៈភ្នាក់ងារសម្ងាត់ថា មានករណីជួញដូរថ្នាំញៀននៅទីតាំងដែលបានរៀបរាប់ខាងលើ ទើបលោកសុំយោបល់ពីថ្នាក់លើ ព្រមទាំងសុំយោបល់ពីព្រះរាជអាជ្ញា ដើម្បីធ្វើការឃាត់ខ្លួន។
លោកបានឲ្យដឹងដែរថា ដំបូងកម្លាំងយើង ដោយមានការសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងកាច់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ វ៉ាន មករា រួមជាមួយថ្នាំញៀននៅនឹងដៃចំនួន៣០គ្រាប់ បន្ទាប់មកទៀត កម្លាំងសមត្ថកិច្ចយើងក៏តាមរកមេខ្លោង រួចក៏ប្រទះឃើញ ទើបឃាត់ខ្លួនតែម្តង ដោយមានឈ្មោះ អ៊ិត សំអាត់ ភេទប្រុស មានទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការបញ្ជូនមកដាក់មន្ទីរឃុំឃាំងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿនបញ្ជូនទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដោះស្រាយតាមនីតិវិធី៕
មតិយោបល់