ព័ត៌មានជាតិ

ស្ត្រីម្នាក់ចាញ់ល្បែងអស់ពីខ្លួន គ្មានប្រាក់សងគេ បន្លំលួចទូរសព្ទដៃមានអីម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ស្ត្រីម្នាក់ បន្ទាប់ពីលេងល្បែងចាញ់ជំពាក់លុយគេវ៉ាន់ក គ្មានប្រាក់សងគេ ក៏បានប្រើល្បិចសុំម្ចាស់ចូលបន្ទប់ទឹក ដោយឃើញទូរសព្ទដាក់លើតុចោល ក៏បន្លំលួចតែត្រូវម្ចាស់ឃើញទាន់ស្រែកភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៨១ ផ្លូវ១០៣ ក្រុម៨ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាននោះឈ្មោះ ខុម ឈឿន ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះបងស្រីក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ និងមានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ៅ ងន់ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបខ្លួនបានទុកទូរសព្ទដៃនៅលើតុឈើនៅក្នុងផ្ទះ ហើយរូបខ្លួនបានទៅអង្គុយបីចៅនៅលើគ្រែនៅមុខផ្ទះ បន្ទាប់មក ស្រាប់តែមានស្ត្រីម្នាក់ដើរមកសួររូបខ្លួនថា លោកពូមានបន្ទប់ជួលទេនៅទីនេះ ហើយរូបខ្លួនក៏បានឆ្លើយតបទៅវិញថា អត់មានបន្ទប់ជួលទេ ក្រោយពីសួរគាត់ហើយ ស្ត្រីរូបនោះបានសុំចូលបត់ជើងនៅក្នុងផ្ទះ។ ក្រោយពីបទជើងតូចរួចហើយ ជនសង្ស័យខាងលើ ក៏បានដើរចេញមកក្រៅ ដោយនៅក្នុងដៃមានកាន់ទូរសព្ទ មួយគ្រឿង ភ្លាមៗនោះ មានការសង្ស័យក៏ដើរទៅមើល ស្រាប់តែបាត់ទូរស័ព្ទ មួយគ្រឿង ម៉ាក សាំសុង ពណ៌ស ហើយជនរងគ្រោះបានស្រែកផ្អើលឆោឡោ រួចនាំគ្នាដេញតាមចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់