ព័ត៌មានជាតិ

ម៉ូតូសណ្តោងរម៉កឈប់លើផ្លូវគ្មានដាក់សញ្ញា ត្រូវយុវជនម្នាក់បើកបុកពីក្រោយស្លាប់យ៉ាងអាណោចអាធម៌

កណ្តាល: យុវជនម្នាក់បានស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ នៅកន្លែងកើតហេតុ ខណ:ដែលបើកម៉ូតូទៅបុកពីក្រោយម៉ូតូសណ្តោងរម៉កឈប់លើផ្លូវដោយគ្មានដាក់សញ្ញាត្រឹមត្រូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះផាត់មុខនិងធ្វើសក់យីហោរ៉ូសាឡន ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចជំនាញចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីវ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរម៉ក(មិនស្គាល់ម៉ាក គេចបាត់) ឈប់លើចិញ្ចើមផ្លូវក្នុង ទិសដៅពីជើងទៅត្បូង គ្មានដាក់សញ្ញាត្រឹមត្រូវ លុះមកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូ ម៉ាក HONDA Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-5388 (មានកញ្ចក់តែមិនពាក់មួកសុវត្ថិភាព) បើកបរក្នុង ទិសដៅស្របទិសគ្នាពីជើងទៅត្បូងបុកចំពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌នៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះដែរគេបានឃើញ រថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពចាក់អង្រែ បានដឹកយកសាកសពទៅប្រគល់ជូនគ្រួសារសពដើម្បីចាត់ចែងតាមប្រពៃណី។

ចំណែកមធ្យោបាយ ដែលពាក់ព័ន្ធត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់