ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ San Prum ដែលបានបង្ហោះផ្សព្វផ្សាយ និងវីដេអូ មានខ្លឹមសារថា៖ អស្ចារ្យមែន ជើងកាងលក់ដី! លក់ដីទទួលប្រាក់ពីអ្នកទិញហើយតែមិនប្រគល់ដីឱ្យគេ បែរជានាំបក្ខពួកមកកាងប្រើហិង្សាលើគេ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនរបស់អ្នកទិញទៀត។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវបំភ្លឺករណីខាងលើ។
ជាលទ្ធផល៖នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានស្រាវជ្រាវបំភ្លឺឲ្យដឹងថា៖កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២២នាទី ឈ្មោះ ហេង សុខណាង បានទូរសព្ទមកប្តឹងសមត្ថកិច្ចថាឈ្មោះ សឿន ចំរើន និងបក្ខពួក បានមកវាយបំផ្លិចបំផ្លាញបង្គោលព្រំដីស្រែរបស់ខ្លួន នៅចំណុចភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលម្កាក់ និងអាជ្ញាធរ ភូមិឃុំ ចុះទៅដល់កន្លែងកើតហេតុដើម្បីការពារកុំឱ្យមានអំពើហិង្សា និងហាមឃាត់កុំឱ្យវាយបំផ្លិចបំផ្លាញតទៅទៀត ហើយសំណូមពរភាគីទាំងសងខាងឱ្យមកដោះស្រាយគ្នានៅសាលាឃុំម្កាក់ ឬសាលាស្រុកអង្គស្នួល ប៉ុន្តែភាគីខាងឈ្មោះ សឿន ចំរើន មិនព្រមស្តាប់សមត្ថកិច្ច ហើយស្រែកឡូឡាបញ្ជាឱ្យកូនចៅថតសមត្ថកិច្ច ហើយទាមទារឱ្យសមត្ថកិច្ច និងអាជ្ញាធរ ដោះស្រាយឱ្យខ្លួននៅកន្លែងកើតហេតុឱ្យចប់រឿង។
បន្ទាប់មកលោកអធិការបញ្ជាឱ្យដកកម្លាំងត្រឡប់មកអង្គភាពវិញ លុះដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃដដែល ឈ្មោះ ម៉េង សុខណាង បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប្តឹងទៅលើឈ្មោះ សឿន ចំរើន និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនា ដែលបានវាយបំផ្លាញបង្គោលរបងថ្ម កើតហេតុ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០ នាទី នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខូចខាតបង្គោលថ្ម ដាំតាមព្រំដីមានចំនួន ៦៣ ដើម។
យោងតាមពាក្យបណ្តឹងឈ្មោះ ហេង សុខណាង ទេីបអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វេីលិខិតកោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន (ពាក់ព័ន្ធករណីធ្វេីឱ្យខូចខាតដោយចេតនា) នៅអធិការដ្ឋាននគរបាលស្រុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៨.៣០នាទី ប៉ុន្តែសាម៉ីខ្លួនមិនព្រមចូលខ្លួនតាមការកោះនោះទេ។
សន្និដ្ឋាន៖ ចំពោះករណីនេះផ្តេីមចេញពីវិវាទដីធ្លី ទេីបឈ្មោះ សឿន ចំរេីន និងបក្ខពួក នាំគ្នាវាយបំផា្លញបង្គោលថ្ម របស់ឈ្មោះ ម៉េង សុខណាង បណ្តាលឱ្យខូចខាត អស់ចំនួន ៦៣ដេីម។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការ។
ចំពោះភាគីអ្នកទិញឈ្មោះ ម៉េង សុខណាង ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការរួចហេីយដែរ។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
មតិយោបល់