ព័ត៌មានជាតិ

កាត់ទោស បុរសនីហ្សេរីយ៉ា២នាក់និងស្ត្រីខ្មែរម្នាក់ ពីបទឆបោកប្រាក់ តាមហ្វេសប៊ុក

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោក ជួន សុរាសី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោស បុរសជនជាតិនីហ្សេរីយ៉ា ២នាក់ និងស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់តាមបណ្ដាញសង្គមហ្វេសប៊ុក។

ជនជាប់ចោទទី១ឈ្មោះ PASCAL AWASAKI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ទី២ឈ្មោះ ONYE CAEFUNA ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា និងទី៣ឈ្មោះ ឆែន ដាវី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើក្នុងបារបរទេស ត្រូវបានលោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ឆបោក ប្រាក់តាមបណ្ដាញសង្គមហ្វេសប៊ុក ពីជនរងគ្រោះឈ្មោះ សុ ជាតិ ចំនួន ៨ពាន់ដុល្លារ ប្រព្រឹត្តក្នុងអំឡុងខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ២៧៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនារសៀលនេះជនជាប់ចោទជាជនជាតិនីហ្សេរីយ៉ា ទាំង២នាក់បានទទួលស្គាល់ថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន ដោយបានព្យាយាមផ្ញើសារទៅជនរងគ្រោះតាម Facebook Messenger បោកថា ជនរងគ្រោះ ត្រូវរង្វាន់ជាច្រើនម៉ឺនដុល្លារនៅបរទេស។ក្រោយមកពួក គេបានឲ្យស្ត្រីម្នាក់ជាខ្មែរ ហៅទូរសព្ទទៅជនរងគ្រោះ ឲ្យទៅទទួលប្រាក់រង្វាន់ និងតម្រូវឲ្យបង់លុយ ៨ពាន់ដុល្លារ ទៅពួកគេជាមុនសិន ជាថ្លៃសេវាធានារ៉ាប់រង ក្នុងការដឹកជញ្ជូនលុយនោះមកកម្ពុជា។ ពួកគេសារភាពថា ពួកគេធ្វើតាមបញ្ជារបស់ឈ្មោះ ប៉ាស្កាល់ ជាមិត្តភក្តិ ដែលកំពុងរត់គេចខ្លួនក្រោយពេលបានលុយរួច។

ចំណែកជនជាប់ចោទឈ្មោះ ឆែន ដាវី បានបដិសេធថា ខ្លួនមិនបានដឹងថា សង្សាររបស់ខ្លួនឈ្មោះ ប៉ាស្កាល់ បានឆបោកប្រាក់អ្នកដទៃតាម ហ្វេសប៊ុក នោះទេ ទើបតែថ្ងៃសមត្ថកិច្ចឃាត់ខ្លួន និងសង្សាររត់ចោលទើបដឹងថា មានរឿង ឆបោកបែបនេះកើតឡើង។

គួររំលឹកថា កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ គាត់ខ្លួនកាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៥អា ផ្លូវលេខ៥បេតេ ក្រុមទី១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ថា ពួកគេបាន ឆបោក លុយចំនួន ៨ពាន់ដុល្លារ តាមរយៈការទាក់ទងតាមហ្វេសប៊ុក។

នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃចំនួន១ គ្រឿង ទូរសព្ទដៃ២គ្រឿង និងលិខិតឆ្លងដែន ចំនួន១ក្បាល។

ក្រោយបើកសវនាការអស់ជាច្រើនម៉ោងតុលាការបានសម្រេចលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខវិញ៕

https://youtu.be/hVYIKWPHdf0

មតិយោបល់