ព័ត៌មានជាតិ

ទៀតហើយ! ហ៊ីយ៉ាន់ដាយកង់១០ បុកនិងកិនម៉ូតូលោកតាវ័យ៧៩ឆ្នាំម្នាក់របួសធ្ងន់!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ កង់១០មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿងដែលកំពុងបើកបរដោយលោកតាវ័យ៧៩ឆ្នាំម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ចំណែកម៉ូតូកិនជាប់នៅខាងក្រោមរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយលឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះចាប សុលីប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំដំរី ឃុំសែនដី ស្រុកសំរោងទង កំពង់ស្ពឺ បើកបរពីលិចទៅកើត ក៏បានជ្រុលទៅបុកម៉ូតូរងគ្រោះម៉ាកគុបមូល៥០ គ្មានស្លាកលេខ អ្នកបើកបរដោយឈ្មោះ សំរោង ទុយ ភេទប្រុស អាយុ៧៩ឆ្នាំ ស្នាក់នៅភូមិសាយ៉ាវ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើតស្របទិសគ្នា លុះដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូលោកតា ចំពៅក្រោយពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកម៉ូតូវិញត្រូវរថយន្តកិនជាប់ខាងក្រោមរថយន្តខ្ទេចស្ទើរទាំងស្រុង។ រីឯលោកតា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង នាំយករថយន្តបង្កនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់