ព័ត៌មានបច្ចេកវិទ្យា

ផ្លូវការហើយ! Intel ចេញ CPU ស៊េរីថ្មី Core-i9 មាន 18 core សមត្ថភាពខ្លាំងមហិមា តែតម្លៃវិញមិនបាច់និយាយ

ក្រុមហ៊ុន Intel បានប្រកាសចេញបន្ទះឈីប CPU សម្រាប់បំពាក់លើម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មី ឈ្មោះ X-Series ដោយចាប់ផ្តើមពីជំនាន់ដំបូងរបស់វា Core-i9 ដែលមានសមត្ថភាពប្រតិបត្តិការដ៏មហិមា និងរចនាឡើងសម្រាប់​អតិថិជនណា ត្រូវការកុំព្យូទ័រក្រាហ្វិកកម្រិតកំពូល ឬលេងវីដេអូហ្គេមកម្រិត 4K ជាដើម។

ជាមួយម៉ូឌែលថ្មីនេះដែរ វាត្រូវបានរចនាដោយបំពាក់ CPU នៅខាងក្នុងរហូតដល់ 18 core ឬគ្រាប់ និងមានល្បឿនប្រតិបត្តិចាប់ពី 3.3 Ghz ដល់ 4.5 Ghz។ ដោយ​​សារ​តែវាមាន core ច្រើន នាំឱ្យវាឆាប់ឡើងក្តៅ ដូច្នេះ ក្រុមហ៊ុនក៏ប្រើនូវវត្ថុរាវត្រជាក់ថ្មីម្យ៉ាងដើម្បីកាត់បន្ថយកម្តៅរបស់វាយ៉ាងមានប្រសិទ្ធភាពផងដែរ។

Intel Core-i9 មិនផលិតឡើងសម្រាប់បំពាក់លើកុំព្យូទ័រធម្មតានោះទេ ពីព្រោះវាមានតម្លៃរហូតដល់ទៅ ១,៩៩៩ ដុល្លារ ឯណោះ។ ម្យ៉ាងទៀត ក្រុមហ៊ុនអភិវឌ្ឍវាឡើង ក៏ដើម្បីប្រកួតប្រជែងជាមួយ CPU ដែលមានថាមពលខ្លាំងបំផុតរបស់ក្រុមហ៊ុន AMD ក្នុងឆ្នាំ ២០១៧ ត្រកូល Threadripper ដែលមាន CPU ចំនួន 16 core។

គួររំឭកថា ការប្រកាសចេញបន្ទះ CUP ស៊េរីថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយសមាសធាតុសែស្រឡាយបន្ទះឈីប Intel Core-i9 ជាច្រើនម៉ូឌែល របស់ក្រុមហ៊ុន នាពេលថ្មីៗកន្លងទៅនេះ៕

ប្រភពព័ត៌មាន: engadget

មតិយោបល់