ព័ត៌មានជាតិ

សាហាវម៉្លេះ!រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នាក្នុងនោះមានរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ខ្មែរពន្លឺអង្គរមួយគ្រឿងបណ្តាលឲ្យ១០នាក់របួស

បាត់ដំបង: មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តចំនួន៥គ្រឿង ក្នុងនោះមានរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ខ្មែរពន្លឺអង្គរមួយគ្រឿង បានបុកបន្តកន្ទុយគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៧បេ ក្រុម១៥ ភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងដោយរថយន្ត៥គ្រឿងបានបុកបន្តកន្ទុយគ្នា រហូតបណ្តាលឲ្យមនុស្ស១០នាក់រងរបួស ក្នុងនោះទី១ ជាអ្នកបើកបររថយន្តម៉ាក កាមរី ស៊េរី៩៣ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ បាត់ដំបង2A-3856 ឈ្មោះ ឡុង រ៉េត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង (រងរបួសស្រាល)។ ទី២ អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2542 ឈ្មោះ រើន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង (របួសស្រាល)។ ទី៣អ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2003ឈ្មោះ ឆាំ ឆៃលី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (របួសស្រាល)។ ទី៤ អ្នកបើកបររថយន្តម៉ាកកាម៉ាស់ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ក១២០៦ ភព៣ ឈ្មោះ ឆោម រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិផ្សារត្រាច ឃុំលង្វេក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (រងរបួសស្រាល)។ ទី៥ អ្នកបើកបររថយន្តម៉ាកក្រែមបឺត (រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ខ្មែរពន្លឺអង្គរ) ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ3C-9534 ឈ្មោះ ធូ សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ (របួសធ្ងន់)។ ទី៦-អ្នករួមដំណើរឈ្មោះ ផុន ស៊ីរេត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅស្រុកកម្រៀង ខេត្តបាត់ដំបង (របួសធ្ងន់)។ ទី៧-អ្នករួមដំណើរឈ្មោះ ខុន ស្រី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅស្រុកកម្រៀង ខេត្តបាត់ដំបង (របួសស្រាល)។ ទី៨-អ្នករួមដំណើរឈ្មោះ ហ៊ឹម នុន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅស្រុកកម្រៀង ខេត្តបាត់ដំបង (របួសស្រាល)។ ទី៩-អ្នករួមដំណើរឈ្មោះ ឈឿង ស៊ីណាង ភេទស្រី អាយុ១៧ឆ្នាំ រស់នៅស្រុកកម្រៀង ខេត្តបាត់ដំបង (របួសស្រាល) និងទី១០-អ្នករួមដំណើរឈ្មោះ សូត្រ ម៉ាប់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅស្រុកកម្រៀង ខេត្តបាត់ដំបង របួសស្រាល។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងបន្ទាប់ពីរថយន្តកាម៉ាស់ សណ្តោងរម៉ក់ ឈប់ចងតង់ ដែលបើកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង បើកពីក្រោយ ហើយឡើងជែង ជួនពេលនោះមានរថយន្តមួយគ្រឿងទៀត ដឹកធុងហ្គាស បើកពីលិចទៅកើត បានប៉ះថ្ពាល់បណ្តាលខូចស្រាល កំពុងតែសម្រួលគ្នាជិតត្រូវហើយ ស្រាប់តែមានរថយន្តក្រុងបើកមកពីទិសខាងកើតបានបុកចំរ៉ឺម៉កសណ្តោង បណ្តាលឲ្យរងរបួសអ្នកបើករថយន្តក្រុង និងអ្នករួមដំណើររហូតដល់១០នាក់ បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុក បានចុះមកធ្វើការវាស់វែង និងប្រគល់មធ្យោបាយធ្វើដំណើរខាងលើ ទៅឲ្យជំនាញខេត្ត ចាត់តាមនីតិវិធីច្បាប់៕

មតិយោបល់