ភ្នំពេញៈ នារីម្នាក់វ័យជាង៣០ឆ្នាំ ក្រមុំចាស់ម្នាក់ នៅតែឆោតល្ងង់ ខណៈដែលកំពុងដើរទៅរោងចក្រ ចាញ់ល្បិចការល្បួងលួងលោមរបស់ក្រុមជំនាញទម្លាក់យោង នាំទៅដោះយកគ្រឿងអលង្ការសរុប៧ជីមាស អស់ពីខ្លួនរលីង សំណាងបានមកវិញនូវខ្សែកក្រឡៃ កាន់ទៅបង្អួតម្តាយមីង ទុកគ្រាន់កាន់យកទៅប្តឹងប៉ូលិស កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ស្តើង ថាញ់ ភេទស្រី អាយុ៣២ឆ្នាំ ក្រមុំចាស់ មិនដែលធ្លាប់មានស្នេហា ប្រកបមុខរបរ ជាកម្មការនីរោងចក្រ ស្នាក់នៅជាមួយម្តាយមីង នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ ចំណែកសម្ភារៈបាត់បង់ ចិញ្ចៀន ក្រវិល ខ្សែក សរុប៧ជីមាស ។
តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងដើរចេញពីផ្ទះឆ្ពោះទៅរោងចក្រ ដល់មុខរោងចក្រក្រោន ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ជួបស្រ្តីជនសង្ស័យម្នាក់ដើរមកសួរ មានរើសបានកញ្ចប់មាសអត់ ? ទោះជាឆ្លើយថាមិដឹង ក៏មានស្រ្តីម្នាក់និងប្រុសម្នាក់ទៀត ជាបក្ខពួកដែរនោះជិះម៉ូតូ មកដល់ប្រាប់ថាកុំមាត់ គេរើសបាន ទុកចែកគ្នា ទើបឈានដល់ទាក់ពាក្យ ទាក់សម្តីគ្នា លួងហៅឲ្យឡើងជិះម៉ូតូ ដោយប្រាប់ថា ទៅកាត់ ដូរចែកគ្នានៅផ្សារជម្ពូវ័ន ដោយចិតលោភលន់ ឃើញគេលាថង់ឲ្យមើល ឃើញលោហៈក្រហមច្រាល ចង់បានចំណែកដែរ ក៏ទៅតាមជាមួយ ដោយធ្វើដំណើរម៉ូតូ២គ្រឿង សរុបជនសង្ស័យ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ទៅដល់ខាងលិចផ្សារជម្ជូវ័ន ហើយបានឈប់ ជនសង្ស័យហុចថង់មាសឲ្យកាន់ ហើយដោះយក ក្រវិល ខ្សែក ចិញ្ចៀន អស់ពីខ្លួនរលីង សរុប៧ជីមាស រួចឲ្យរង់ចាំ ពួកគេចូលផ្សារដើម្បីដូរ កាត់ចែកគ្នា ដោយចាំបាត់ៗមិនឃើញវិលវិញ ម្យ៉ាងដល់ម៉ោងធ្វើការផង ដោយក្តីត្រេកអ ថ្វីត្បិតគេយកទៅអស់៧ជីមែន តែក្នុងថង់ ខ្សែកធ្ងន់ជាងរបស់ខ្លួន ខេបខុប នឹកថាឈ្នះហើយ កាន់យកទៅឲ្យម្តាយមីង ជួយទុក គេដូរមាសឈ្នះហើយ តែធាតុពិត ជាខ្សៃកក្រឡៃ ជ្រលក់ពណ៌ក្រហម ទៅវិញ ពេលនោះហើយទើបដឹងខ្លួនដូចខ្មោច៧ថ្ងៃ ចាញ់ល្បិចគេហើយ ។
ក្រោយពីដឹងថាចាញ់បោកគេហើយ ត្រូវបានម្តាយមីងនាំកាន់ទាំងខ្សៃកក្រឡៃរត់ទៅប្តឹងប៉ូលិស ឲ្យជួយស្រាវជ្រាវរកមាសគាត់មកវិញ៕
មតិយោបល់