ព័ត៌មានជាតិ

គូស្នេហ៍មួយគូដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន!

កណ្ដាល: ជនសង្ស័យប្រុសស្រី២នាក់ ដែលជាដៃគូស្នេហាសកម្មក្នុងការចែកចាយគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ធំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ នូ រ៉ាដែន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ទីលំនៅបច្ចុប្បន្នភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ សៅ ស្រីលក្ខ័ ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីបំរើការអូរខេ បច្ចុប្បន្ន
ស្នាក់នៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ៣កញ្ចប់ធំ និងទូរសព្ទដៃ១គ្រឿងម៉ាកណូគាអិនចុចពិល។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសហការជាមួយប៉ុស្តិ៍នគរបាល រដ្ឋបាលពើកនិងបែកចានបានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើទើបកម្លាំងស្រុកនិងប៉ុស្តិ៍ ចុះទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូត ថ្នាំញៀន៣កញ្ចប់ធំ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ថ្នាំញៀនទាំងអស់នេះខ្លួនទិញមកពីមុខសញ្ញា មិនស្គាល់ម្នាក់នៅផ្ទះសំណាក់ព្រំប្រទល់ សង្កាត់កន្ទោក ខណ្ឌ័ពោធិ៍សែនជ័យ ដើម្បីយកមកលក់បន្ត។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់