ព័ត៌មានជាតិ

រថយន្តកុងតឺន័របើកឆ្លងចូលទៅផ្លូវម្ខាង ត្រូវម៉ូតូកង់បីឥណ្ឌា បុកពេញទំហឹងរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រ ដែលបើកបរបញ្ច្រាសគ្នាចំពីមុខពេញទំហឹង បណ្តោយឲ្យបុរសម្នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ម៉ាកVOLVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2371 ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវ១៨២ ។ មកដល់ចំណុចកើតហេតុ រថយន្តខាងលើ បើកយកចង្កូតឆ្លងទៅខាងឆ្វេង ចូលទៅផ្លូវម្ខាងទៀត ស្របគ្នានោះ ក៏ស្រាប់តែមានម៉ូតូកង់បីមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HL-6409 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ជាមួយល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកុងតឺន័រចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីឥណ្ឌា រងការខូចខាតក្រពឹតមួយកំណត់មុខ ចំណែកឯអ្នកបើកបរ បានរងរបួសបែកក្បាល និងបាក់ជើងខាងស្តាំសន្លប់ស្ដូកស្ដឹង។

ដោយឡែករថយន្តកុងតឺន័ររងការខូចខាតក្រពឹតកាងខាងមុខ រីឯអ្នកបើក បានលោតចុះពីលើរថយន្ត រត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកឯរថយន្តកុងតឺន័រ និងម៉ូតូកង់បីឥណ្ឌា ត្រូវសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តកុងតឺន័រ ចេញមុខមកធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

មតិយោបល់