ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«អ្នកនាងម្ចាស់ឡឺកឺ» បើកក្បាលចំណេញហួសការផលិត

ភ្នំពេញៈ ប្រភពពីរោងភាពយន្តធំៗស្ទើរទាំងអស់នៅរាជធានីភ្នំពេញ បានអះអាងថាខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ» ទទួលបានជោគជ័យយ៉ាងខ្លាំងចាប់តាំងពីបានដំណើរការដាក់បញ្ចាំងកាលពីថ្ងៃទី១៧ឧសភា។ នេះជារឿងដំបូងដែលត្រូវបានផលិតកម្មមហាហង្សប្រកាសថា ចំណាយតិចមិនធ្លាប់មានហើយកំពុងកើបចំណូលមិនគួរឲ្យជឿនោះផង។

លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស ដែលទើបត្រលប់ពីប្រទេសអារ៉ាប់រួមបានថ្លែងប្រាប់ថា លោកហាក់មានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ»ទើបតែបានដាក់បញ្ចាំងបាន៣ថ្ងៃសោះ ប៉ុន្តែប្រមូលបានប្រាក់ចែកគ្នាជាមួយម្ចាស់រោងចំណេញលើសពីការចំណាយលើដើមផលិតបាត់ទៅហើយ។ លោកក្នុងចំណោមខ្សែរឿងទាំងអស់ ដែលផលិតកម្មមហាហង្សផលិតឡើង នេះជារឿងទី១ដែលចំណាយអស់តែរង្វង់២ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែជោគជ័យ ហើយរំពឹងថានឹងអាចកើបប្រាប់បានច្រើនបន្ថែមទៀត ទម្រាំតែរឿងមួយនេះ ទម្លាក់ផ្លាកចេញពីរោង។

លោកថា គិតត្រឹម២ថ្ងៃដែលបានបញ្ចាំងខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ» ចែកប្រាក់ចំណេញបានប្រមាណជាង២ម៉ឺនបាត់ទៅហើយ ជាមួយនឹងម្ចាស់រោង ខណៈដែលរឿងមួយនេះ កាន់តែមានអ្នកសម្រុកទៅទស្សនាបន្ថែមទៀត ដោយសារតែគាំទ្រអ្នកនាងសុខ សោម៉ាវត្តី ដែលទើបតែសារភាពលែងប្ដី។

លោកនិយាយថា «ធៀបនឹងរឿងទាំងអស់ដែលយើង(មហាហង្ស)បានផលិតរឿងនេះយើងចំណាយអស់តិចមែនទែន ប៉ុន្តែអ្វីដែលយើងមិននឹកស្មានគឺអ្នកទស្សនាគាំទ្រហួសពីស្មាននៅតាមរោងនីមួយៗ។» លោកថាស្ថិតិដែលបានបង្ហាញឡើងគឺមានអ្នកទស្សនាប្រមាណជា៧ពាន់នាក់ចូលទស្សនារឿងនេះជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យលោកដែលជាផលិតករហាក់មានទំនុកចិត្តខ្លាំង ក្នុងការចំណេញខ្ពស់ពីរឿង«អ្នកនាងម្ចាស់ឡឺកឺ»នេះ។ លោកថាបើការដាក់បញ្ចាំងអាចបន្តដំណើរដល់រយៈពេលកន្លះខែ ឬមួយខែ គឺមានន័យថាខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ» ពិតជាកើបលុយខ្លាំង ដែលលោកបញ្ជាក់ថានោះគឺជាលទ្ធផលដែលសាច់រឿងទាំងមូលត្រូវចិត្តមហាជនទាំងអស់។

យោងតាមទិន្នន័យដែលទទួលបានក្រុមអ្នកចូលទស្សនាគឺខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ»ត្រូវគេសរសើរថាអ្នកនាងសុខ សោម៉ាវត្តី លេងខ្លាំង និងស្របពេលដែលនាងក៏បានប្រកាសលែងប្ដី ដែលធ្វើឲ្យមហាជនភាគច្រើនចង់ឃើញការសម្ដែងរបស់នាងក្នុងពេលប្រកាសជាសាធារណៈនោះ។ យ៉ាងណាក៏ដោយតារាសម្ដែងផ្សេងទៀត ដូចជាលោកជា វណ្ណរិទ្ធិ និងតារាសម្ដែងទាំងអស់ក៏ត្រូវគេឃើញសម្ដែងជាតួក្រមិចក្រមើមបានល្អស្របគ្នាផងដែរ ទើបធ្វើឲ្យសាច់រឿង«អ្នកនាងម្ចាស់ឡឺកឺ»ទទួលជោគញជ័យដែលកាន់តែធ្វើឲ្យតារាសម្ដែង សុខ សោម៉ាវត្តី ឡើងកូដបន្ថែមទៀត។

លោកអិន សុភិន បញ្ជាក់ថាលោកនឹងបន្តផលិតសាច់រឿងដែលមានលក្ខណៈជាយុវវ័យបែបកំប្លែងឡិកឡក់បែបនេះបន្ថែមទៀត ប៉ុន្តែទំនងជាមិនហ៊ានចំណាយត្រឹមតែ២ម៉ឺនដុល្លារដោយប្រថុយទៀតទេ ដើម្បីធ្វើសាច់រឿងក្រោយៗឲ្យកាន់តែល្អជាងនេះ បើទោះជាការប្រថុយចំណាយតិចក្នុងរឿង«អ្នកនាងម្ចាស់ឡឺកឺ» ធ្វើឲ្យលោកមោទនភាព៕

photo_2016-05-21_08-41-35 photo_2016-05-21_08-41-34 photo_2016-05-21_08-41-29 photo_2016-05-21_08-41-28 photo_2016-05-21_08-41-26 photo_2016-05-21_08-41-32 photo_2016-05-21_08-41-31 photo_2016-05-21_08-41-30

មតិយោបល់