ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ទៅលំហែកាយនៅប្រទេសថៃ

ភ្នំពេញៈ តាំងពីយប់ថ្ងៃទី១៩ឧសភា ម្ល៉េះ ដែលតារាសម្ដែងល្បីឈ្មោះដោយសារតែស្នេហាជាមួយលោកប៉ែន ចំរ៉ុង គឺ នាងភិន សុដាលីស បានចាកចេញទៅកាន់ប្រទេសថៃ។ ដំណើរកម្សាន្តរបស់នាងមិនមែនចាកចេញតែម្នាក់ឯងនោះទេ គឺបានទៅជាមួយម្ដាយ ជាមួយម៉ាក់យាយ និងជាមួយប្អូនៗ២នាក់ទៀត ដែលតាមការអះអាងថាគឺដើម្បីនាំនាងទៅលម្ហែស្មុគចិត្តដែលកើតចេញពីបណ្ដឹងលែងលះរបស់ស្វាមី។

ខណៈដីកាកោះហៅជាលើកទី២ ពីសំណាក់តុលាការនៅមិនទាន់ត្រូវបានបញ្ជាក់ថានឹងធ្វើម្ដងទៀតនៅថ្ងៃណានោះ ពេលនេះតារាសម្ដែងនាងភិន សុដាលីសត្រូវបានគ្រួសារនាំទៅដើរកម្សាន្ត នៅក្នុងប្រទេសថៃបាត់ហើយ ដោយតាមគម្រោងគឺនាងនឹងនៅលំហែកាយទីនោះរហូតដល់៤ថ្ងៃ ឬ៥ថ្ងៃទើបត្រលប់មកវិញ។

លោកអ៉ិន ជាឪពុករបស់ភិន សុដាលីស បានអះអាងថា ដោយសារអាណិតកូនស្រី និងមិនចង់ឲ្យនាងស្មុគចិត្តក្នុងពេលដែលមានផ្ទៃពោះផង ក៏ត្រូវស្វាមីប្ដឹងលែងទៀតនោះ ទើបភរិយារបស់លោកសម្រេចចិត្តនាំនាងទៅលេងប្រទេសថៃ ដោយគ្រោងនាំនាងដើរទិញឥវ៉ាន់ផង និងដើរមើលពិភពលោកខាងក្រៅផង កុំឲ្យនាងស្រយ៉ុងចិត្តនាំឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ លោកថាដំណើរនាំនាងទៅកាន់ប្រទេសថៃ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកក៏បានបញ្ចប់បេសកកម្មទៅបំពេញការងារនៅក្នុងប្រទេសអារ៉ាប់រួម ដោយលោកបញ្ជាក់ថាការចេញដំណើររបស់ប្រពន្ធ និងក្រុមគ្រួសារគឺលោកមិនបានជូនដំណើរនោះឡើយ។ លោកថាភិន សុដាលីសចាប់ផ្ដើមជិតស្និទ្ធនឹងភរិយារបស់លោក និងក្រុមគ្រួសារទាំងមូលវិញហើយ បើទោះជានាង និងលោកនៅមិនទាន់បានជួបសម្ដីគ្នាចាប់តាំងពីមានចម្រូងចម្រាស់។

លោកនិយាយថា«ឥឡូវហ្នឹងប្រពន្ធខ្ញុំ ម្ដាយក្មេកខ្ញុំ នាំដាលីសទៅថៃបាត់ហើយ ដោយសារតែឃើញគាត់តុកស៊ិចពេក ហើយចង់ឲ្យនាងសប្បាយចិត្ត»។ លោកថាដំណើរវិលវិញរបស់គ្រួសារ និងភិន សុដាលីស និងអាចបញ្ចប់នៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារសប្ដាហ៍ក្រោយ ដោយអាស្រ័យលើពួកគេចង់នៅកម្សាន្ត ឬមិនចង់បន្តហួសពីការកំណត់។

យ៉ាងណាមិញលោកថា នេះមិនមែនជាដំណើរកម្សាន្តលើកទី១របស់ភិន សុដាលីស និងក្រុមគ្រួសាររបស់លោកនោះទេចាប់តាំងពីនាងចុះចេញពីផ្ទះទៅរស់នៅជាមួយប៉ែន ចំរ៉ុង ក្នុងនាមជាប្ដីប្រពន្ធមិនរៀបការ ដោយសារកន្លងមកក៏ធ្លាប់នាំនាងទៅលេងសហរដ្ឋអាមេរិក និងកាណាដាផងដែរ។ លោកមិនទាន់ច្បាស់ថាភិន សុដាលីស នឹងអាចត្រលប់ចូលផ្ទះក្រោយពេលមកពីប្រទេសថៃនោះទេ បើទោះជាពេលនេះស្ថានភាពទំនាក់ទំនងរវាងនាង និងគ្រួសារហាក់ប្រសើរជាងមុន៕

photo_2016-05-21_08-50-28 photo_2016-05-21_08-41-40 photo_2016-05-21_08-50-23 photo_2016-05-21_08-50-25 photo_2016-05-21_08-50-31 photo_2016-05-21_08-50-32 photo_2016-05-21_08-50-26 photo_2016-05-21_08-50-29photo_2016-05-21_08-41-36 photo_2016-05-21_08-41-37

មតិយោបល់