ភ្នំពេញៈ ជនសង្ស័យមួយក្រុម បានធ្វើសកម្មវាយប្លន់ ពីសង្សារមួយគូទាំងកណ្តាលទីក្រុងតែម្តង តែមិនបានសម្រេច កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងែទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណីនេះបានកើតឡើង ខណៈដែលក្រុមជនសង្ស័យទាំងនេះ បានជិះម៉ូតូដេញតាមជនរងគ្រោះពីក្រោយ រហូតមកដល់ ទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ក៏ជនសង្ស័យដដែលនោះ បានធ្វើសកម្មភាពឆក់កាបូបវិញម្តង ប៉ុន្តែនៅតែមិនបានសម្រេច បណ្តាលឲ្យនារី២នាក់ដែលជិះម៉ូតូឌុបគ្នាមួយគ្រឿងផ្សេងទៀត ដួលអូសនឹងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងែទី៣ ខែមិថុនា ឆ្នាំ២០១៧ ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ក្រហម គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់កន្លែងកើតហេតុ ម្តុំបុរីកីឡា ក៏មានជនសង្ស័យមួយក្រុម ជិះម៉ូតូ៥គ្រឿង មានទាំងដាវ មានទាំងដុំថ្មគ្រប់ដៃ បានជិះមកកាក់ម៉ូតូរបស់គាត់ បំណងវាយប្លន់យកម៉ូតូរបស់គាត់ ហើយក៏បានយកដាវកាប់មកលើម៉ូតូរបស់គាត់តែម្តង ភ្លាមៗនោះជនរងគ្រោះខាងលើភ័យខ្លាំងពេក ក៏បានទុកម៉ូតូចោល រត់សំដៅចូលទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីហៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ភ្លាមៗនោះ ពេលដែលជនសង្ស័យមួយក្រុមនេះ ប្លន់មិនបានសម្រេច ក៏បាននាំគ្នាជិះម៉ូតូរត់ចេញបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង។ ខណ:ដែលជនសង្ស័យទៅអស់ហើយ ជនរងគ្រោះខាងលើ បានទាក់ទងទៅបងប្អូនដើម្បីឲ្យមកទទួល ពេលដែលទាក់ទងរួច ក៏មានបងប្រុសបងស្រីរបស់ជនរងគ្រោះចុះមកដល់កន្លែងកើតហេតុ ក៏បានឲ្យខាងនារីៗជិះម៉ូតូផ្សេងទៀតតែ២នាក់ ហើយប្រុសៗជិះម៉ូតូតាមពីក្រោយ ខណ:ពេលដែលនារីៗទាំងពីរនាក់ បានធ្វើដំណើរមកដល់មុខ សាលាបឋមសិក្សាសន្ធរម៉ុក ជនសង្ស័យមួយក្រុមដដែល បានជិះមកពីក្រោយយ៉ាងលឿន ហើយធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះខាងលើវិញម្តង ពេលដែលឆក់ ជនសង្ស័យ បានទាញកាបូបពីនារីរងគ្រោះឡើងចង់ដាច់ក ប៉ុន្តែនៅតែឆក់មិនបានសម្រេច បណ្តាលឲ្យនារីទាំង២នាក់នោះ ដួលអូសនៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ចុនទៅព្យាបាលភ្លាមៗតែម្តង ចំណែកក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពមិនបានសម្រេចនោះ ក៏ជិះម៉ូតូរត់គេចខ្លួនទៅបាត់ស្រមោល ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដើម្បីស្វែងរកតាមចាប់ក្រុមជនសង្ស័យមួយក្រុមនោះយកមកដាក់ទោសតាមផ្លូវច្បាប់ផងដែរ ៕

មតិយោបល់