ព័ត៌មានជាតិ

ទៀតហើយ! ក្មេងស្ទាវជាង១០នាក់ ដេញកាប់បុគ្គលិកហាងអូគីដេ ប្លន់យកកាបូបលុយបានសម្រេច

ភ្នំពេញៈក្រុមក្មេងស្ទាវដែលមានគ្នាប្រមាណជាង១០នាក់ ដែលតែងតែធ្វើសកម្មភាពកាប់និងប្លន់យកសម្ភារៈពីប្រជាពលរដ្ឋ ជាក់ស្តែងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២០៥ កែងនិងផ្លូវលេខ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពដេញកាប់លើជនរងគ្រោះ៤នាក់ ដែលកំពុងធ្វើដំណើរដោយម៉ូតូមួយគឿង ហើយបានយកកាបូបលុយរបស់ជនរងគ្រោះ រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះទី១មានឈ្មោះ វក់ សិនវន អាយុ២០ឆ្នាំ ភេទស្រី ធ្វើការនៅហាង អូគីដេ មានស្រុកកំណើតនៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តកំពង់ចាម, ទី២ឈ្មោះ នី ស្រីណុច អាយុ២១ឆ្នាំ ភេទស្រីធ្វើការនៅហាងអូគីដេ មានស្រុកកំណើតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ,ទី៣ឈ្មោះ នី ស្រីកា អាយុ២០ឆ្នាំ ធ្វើការនៅហាងអូគីដេ ។ អ្នកទាំង៣ ស្នាក់នៅជាមួយគ្នា នៅបន្ទប់ជួលក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន រាជធានីភ្នំពេញ និងជនសង្ស័យទី៤ឈ្មោះ ណាក់ អាយុ២១ឆ្នាំ ជាអ្នកឌុប ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ស ស្លាកលេខភ្នំពេញ 1CP-7630។ រីឯសម្ភារៈដែលបាត់បង់គឺកាបូបស្ពាយមួយ ដែលក្នុងមានទឹកប្រាក់ចំនួន២០ដុល្លារ។

តាមសម្តីជនរងគ្រោះម្នាក់ឈ្មោះ វក់ សិនវន បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេទាំង៣បានចេញពីធ្វើការនៅដែលមានទីតាំងនៅជិតកន្លែងកើតហេតុ បានឲ្យឈ្មោះ ណាក់ មកយកត្រឡប់ទៅផ្ទះដូចរាល់ដង តែថ្ងៃនេះបានហួសទៅចាក់សាំងនៅការ៉ាស់សាំង ស្តុបកៅដាវ លុះដល់ចំណុចកើតហេតុមិនទាន់បានឆ្លងស្តុបផង ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រមាណជាង៧ម៉ូតូក្នុង១ម៉ូតូមានគ្នា២នាក់ ប្រដាប់ដោយដាវ និងដំបងគ្រប់ដៃ បានធ្វើសកម្មភាពដេញវាយហើយបានដណ្តើមយកកាបូបស្ពាយរបស់ខ្លួនដែលកំពុងស្ពាយជាប់ស្មា ពេលយកបានហើយជនសង្ស័យទាំងនោះបានជិះគេចខ្លួនបាត់ស្រមោល។

ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានរត់គេចខ្លួនចូលក្នុងផ្ទះប្រពលរដ្ឋដើម្បីឲ្យគេជួយហើយគ្មានរណារងរបួសនោះទេ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់