កណ្តាលៈ ជនសង្ស័យ២នាក់ធ្វើសកម្មភាពរំលោភលើទំនុកចិត្ត ចង់ស៊ីដាច់ម៉ូតូរបស់គេ ត្រូវបានសមត្ថកិច្ចខ្លួន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ចំណុចភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ អុល សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស។ ចំណែកជនសង្ស័យទី១មានឈ្មោះ សូ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស និងជនសង្ស័យទី២ឈ្មោះ ហុក ចាន់សុផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិដើមគរ សង្កាត់ដើមគរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ ដកហូតបានម៉ូតូ១គ្រឿងម៉ាក ZOOMER-X ពណ៌សលាយទឹកក្រូច ស៊េរី២០១៧ គ្មានស្លាកលេខ។
មុនពេលកើតហេតុ ជនសង្ស័យទី១បានសុំខ្ចីម៉ូតូជនរងគ្រោះដូចខាងលើដោយ
ប្រាប់ថាជិះទៅរង្វង់ មូលតាខ្មៅមួយភ្លែត ហើយក៏ជិះទៅបាត់មិនឃើញ យកម៉ូតូមកឲ្យវិញឡើយ ទើបជនរងគ្រោះតាមរកឃើញជនសង្ស័យទាំង២នាក់ខាងលើនៅផ្ទះសំណាក់យីហោលីលី ហើយក៏ប្តឹងឲ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំនៅម្តុំផ្សារក្រមួនសង្កាត់ចាក់អង្រែក្រោមចំនួន៨០០ដុល្លារ ឲ្យទៅជនសង្ស័យទី២ យកទៅលោះម៉ូតូ១គ្រឿងទៀតអស់ចំនួន៦៥០ដុល្លារ សល់ប៉ុន្មានចាយអស់ហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់