អង់គ្លេសៈ បុរសពីរនាក់ក្នុងចំណោមបីនាក់ ដែលបានអនុវត្តការវាយប្រហារភេរវកម្ម នៅយប់ថ្ងៃសៅរ៍ ក្នុងទីក្រុងឡុងដ៍ ត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលិសហើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។
ប៉ូលិសបាននិយាយថា ភេរវករម្នាក់ឈ្មោះ Khuram Butt អាយុ ២៧ ឆ្នាំ កើតនៅប្រទេសប៉ាគីស្ថាន ដែលរស់នៅបច្ចុប្បន្ន ក្នុងស្រុក Barking នៃទីក្រុងឡុងដ៍។
ចំណែកឯម្នាក់ទៀតឈ្មោះ Rachid Redouane អាយុ ៣០ ឆ្នាំ មកពី Barking ដោយប៉ូលិស បានអះអាងថា ជាកូនកាត់ម៉ារ៉ុក-លីប៊ី។
នៅក្នុងករណីវាយប្រហារនេះ ភេរវករត្រូវបានបាញ់សម្លាប់ដោយប៉ូលិស ហើយជនសង្ស័យ ១២ នាក់ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារនោះ ឥឡូវនេះ ត្រូវបានដោះលែងវិញហើយ។
កាលពីថ្ងៃអាទិត្យនៅ Barking ស្ត្រី ០៧នាក់ និងបុរស ០៥នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងការវាយប្រហារខាងលើ ដែលបានសម្លាប់មនុស្ស ០៧ នាក់ និងរបួស ៤៨ នាក់។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ មនុស្សចំនួន៣៦នាក់ កំពុងនៅបន្តសម្រាកព្យាបាលរបួស នៅឯមន្ទីរពេទ្យនៅឡើយទេ ដោយក្នុងចំណោមពួកគេ មាន១៨នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីករណីវាយប្រហារភេរវកម្មចុងក្រោយនេះ៕
មតិយោបល់