កណ្តាល: ស្រី្តត្រូវស្លាប់ដោយសារតែរងរបួសធ្ងន់ធ្ងរពីការប្រើហិង្សារបស់ប្ដីខ្លួនព្រោះតែទាស់ពាក្យសម្ដីគ្នា បានបង្កការភ្ញាក់ផ្អើលដល់ប្រជាជលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គិន ព្រីង ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មេផ្ទះ (ស្លាប់) ចំណែកជនសង្ស័យ (ត្រូវជាប្ដី) ឈ្មោះ សុខ ខ្នើ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន)។
ប្រភពដដែលបានបន្តថា ជនរងគ្រោះគឺជាមនុស្សញៀនស្រា ដែលតែងតែផឹកស្រាជាប្រចាំថ្ងៃ។ នៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណ៥រសៀល ជនរងគ្រោះជាប្រពន្ធបានកំពុងដាំទឹកនៅលើផ្ទះ ខណៈនោះជនសង្ស័យជាប្ដីបានដើរមកពីខាងក្រោយផ្ទះ ក៏បានស្ដីឲ្យជនរងគ្រោះថា មួយថ្ងៃៗមិនចេះធ្វើការងារអ្វីទេ ពេលនោះអ្នកទាំងពីរក៏បានទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង រួចជនសង្ស័យបានចាប់ ទះកំផ្លៀងជនរងគ្រោះ៣ដៃ បណ្ដាលឲ្យដួលផ្កាប់មុខទៅនិងដី ភ្លាមនោះជនរងគ្រោះបានព្យាយាមរត់គេចតែត្រូវជនសង្ស័យស្ទាក់ហៅឲ្យចូលផ្ទះវិញ រួចជនរងគ្រោះបានឡើងទៅលើផ្ទះសម្ងំស្ងៀម និយាយពីនេះពីនោះតែម្នាក់ឯង។ លុះព្រឹកឡើងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានក្រោកឡើងប្រើឲ្យកូនទៅទិញបបរយកមកហូប រួចហើយក៏ចូលដេកវិញទៅ។ រហូតដល់ម៉ោងប្រមាណ១រសៀល ថ្ងៃដដែល ម្ដាយក្មេកជនរងគ្រោះបានឡើងទៅមើលនិងដាស់តែជនរងគ្រោះពុំក្រោក ក៏បានស្រែកប្រាប់អ្នកជិតខាង រួចក្រុមគ្រួសារបានហៅគ្រូពេទ្យមកពិនិត្យឃើញថា ជនរងគ្រោះមានសភាពខ្សោយខ្លាំង គ្រូពេទ្យក៏បានប្រាប់ក្រុមគ្រួសារឲ្យបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យបង្អែកស្រុកកោះធំ តែពុំទាន់បានបញ្ជូនទៅផង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍លើកដែកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីហិង្សាក្នុងគ្រួសារបណ្ដាលឲ្យស្លាប់ ពេលនោះនគរបាលប៉ុស្ដិ៍សហការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកើតហេតុហើយបានធ្វើការពិនិត្យទៅលើសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរពីការប្រើហិង្សារបស់ប្ដីប្រាកដមែន ដោយសាកសពមានស្លាកស្នាមជាំខ្មៅខ្លាំងនៅលើភ្នែកទាំងសងខាង ស្នាមបែកមាត់ រលាត់ខ្នង ចំណែកជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់