យោងតាមការទម្លាយព័ត៌មានផ្លូវការ កូនប្រុសរបស់ពិធីការិនីល្បីឈ្មោះអ្នកនាង ដាលីស ហៅ អែនជី ក៏ត្រូវបានផលិតផលទឹកដោះគោល្បីឈ្មោះរបស់ប្រទេសសិង្ហបុរីជ្រើសជាតំណាងផលិតផលមិនខុសគ្នានឹងកូនស្រីរបស់អ្នកនាង គង់ សុជាតិ នោះដែរ ក្នុងពេលដែលមានការអះអាងថាផលិតផលដែលបានជ្រើសកូនប្រុសអ្នកនាងអែនជី អោយធ្វើជាតំណាងក៏មានបានផ្ដល់តម្លៃខ្លួនខ្ពស់មិនធម្មតា មិនចាញ់ផលិតផលទឹកដោះគោដែលបានជ្រើសកូនស្រីរបស់អ្នកនាងគង់ សុជាតិ ធ្វើជាតំណាងនោះ។ តាមការអះអាងថាកូនប្រុសអ្នកនាងអែនជី នឹងក្លាយជាតួក្នុងស្ពតធំៗរបស់ផលិតផល ទឹកដោះគោ Inmilk ដែលផលិតផលមានឈ្មោះបោះសំឡេងនៅក្នុងតំបន់អាស៊ីនោះផង។
អ្នកនាងអែនជី បានបង្ហោះជាសាធារណៈថា ជាលើកទី១ដែលកូនប្រុសរបស់អ្នកនាងត្រូវបានក្រុមហ៊ុនទឹកដោះគោ Inmilk យល់ព្រមកុងត្រា ដោយក្រៅពីផ្ដល់ផលិតផលច្រើនម៉ាក់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយនេះ ជាពិសេសគឺទឹកដោះគោដើម្បីផ្គត់ផ្គង់ដល់កូនរបស់អ្នកនាង ក៏បានផ្ដល់តម្លៃថតស្ពតក្នុងកម្រិតខ្ពស់ដែលធ្វើអោយអ្នកនាង និងស្វាមីមានមោទនភាពនោះផង។ អ្នកនាងថាកូនប្រុសរបស់ខ្លួនឈ្មោះ ហេងលី អរឌី អាយុទើបតែ៧ខែប៉ុណ្ណោះ ប៉ុន្តែគេអាចទទួលបានចំណូលពីការថតស្ពត និងធ្វើជាតំណាងផលិតផល។ អ្នកនាងថានេះជាក្ដីស្រម៉ៃរបស់ខ្លួន ជាពិសេសបន្ទាប់ពីអ្នកនាងមើលឃើញកូនប្រុសស្រីតារាល្បីច្រើននាក់បានក្លាយជាតារាស្ពត នៅក្នុងពិភពសិល្បៈ។ អ្នកនាងបដិសេធបង្ហើបអោយដឹងពីទំហំទឹកប្រាក់ដែលកូនប្រុសរបស់ខ្លួនទទួលបានពីការធ្វើជាតំណាងនេះ ដោយគ្រាន់តែអះអាងថាគឺជាតម្លៃមួយខ្ពស់ សម្រាប់តារាស្រុកខ្មែរចង់បាន។ អ្នកនាងក៏ត្រូវបានផលិតផលមួយនេះជ្រើសអោយក្លាយជាតំណាងព្រមគ្នាផងដែរ ទើបអ្នកនាងថាតម្លៃម្ដាយ និងកូន ទទួលបានចំណូលដែលអ្នកនាងប្រាប់នឹកស្មានមិនដល់។ យ៉ាងណាក៏ដោយ អ្នកនាងថាខ្លួន និងកូនប្រុសមិនអាចទទួលថតស្ពតពាក់ព័ន្ធនឹងផលិតផលមួយនេះបានទេ ក្រោយការកុងត្រាចាប់ពីថ្ងៃទី៥ មិថុនាតទៅ ពេញរយៈពេល៣ឆ្នាំ។
លោកទឹម សុណ្ណារ៉ា នាយកក្រុមហ៊ុននូទ្រីលេតម៉ាស្ទ័រអិលអិម ខូអិលធីឌី បានថ្លែងប្រាប់ថាក្រុមហ៊ុនរបស់លោកមានផលិតផលម្សៅទឹកដោះគោ និងផលិតផលទាក់ទងនឹងទារកច្រើនម៉ាក ទើបក្រោយការជ្រើសយកកូនស្រីរបស់អ្នកនាងគង់ សុជាតិ អោយក្លាយជាតំណាងហើយ ក៏ជ្រើសយកកូនប្រុសរបស់អ្នកនាងអែនជី ពិធីការិនីទុរទស្សន៍អាស៊ីអាគ្នេយ៍ និង PNN អោយក្លាយជាតំណាងរបស់ផលិតផលមួយផ្សេងទៀត ដើម្បីទាក់ទាញទីផ្សារ។ លោកថាកូនប្រុសរបស់អ្នកនាងអែនជីមានសុខភាពល្អ និងជាកូនតារាល្បីម្នាក់ផង ទើបក្រុមមួយនេះដែលមានក្រុមហ៊ុនដើមនៅប្រទេសសិង្ហបុរីពេញចិត្តកុងត្រា៕
មតិយោបល់