ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូ មួយគ្រឿងតែម្នាក់ឯង ដោយបានបើកវ៉ារថយន្ត ហើយក៏ទាក់ដៃចង្កូតជាមួយម៉ូតូមិត្តភក្តិបណ្តាលឲ្យដួលពីមុខរថយន្ត ក៏ត្រូវរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលម៉ោង ៤និង២០ល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ នួន ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរនៅផ្ទះ មានទីលំនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ ចំណែកឯអ្នកបើកបររថយន្តបង្កមានឈ្មោះ ឈួន ថេង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ បើកបររថយន្តក្រុង ស្នាក់នៅភូមិស្វាយជ័យ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក KIA ពណ៌ទឹកមាស ពាក់ស្លាកលេខ សៀមរាប 3A-1780 ជាប្រភេទរថយន្តទេសចរណ៍ បានបើកបរចេញពីភ្នំពេញទៅខេត្ត ដោយបានបើកឡើងស្ពានជ្រោយចាស់ ក្នុងទិសដៅពីលិចទៅកើត ដោយមានអ្នកដំណើរជិះពេញរថយន្ត ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CQ-9765 ដោយបើកបរតែម្នាក់ឯងក្នុងល្បឿនគួរសម ដោយជនរងគ្រោះបានជិះម៉ូតូពីក្រោយរថយន្តទទឹមនឹងម៉ូតូមិត្តភក្តិ១គ្រឿងទៀត ហើយបានបើកវ៉ាខាងឆ្វេងរថយន្តផុតពីមុខរថយន្តបានបន្តិច ក៏ទាក់ដៃចង្កូតជាមួយម៉ូតូមិត្តភក្តិដួលបោកទៅចំពីមុខរថយន្ត ហើយក៏ត្រូវរថយន្តកិនទាំងម៉ូតូទាំងមនុស្សអូសជិត ១០ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែករថយន្តបង្កវិញបានព្យាយាមបើករត់បានជិត ៥០ម៉ែត្រក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់បាន ហើយបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង និងនាំខ្លួនអ្នកបើកបររថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕
មតិយោបល់