កំពង់ធំៈហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីមេម៉ាយកូន៣ម្នាក់ បានធ្វើអត្តឃាត ចងករសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើល បន្ទាប់ពីស្ត្រីរូបនេះ បានហៅភាគីខាងប្រុស មកសែនព្រេនដើម្បីធ្វើជាប្តីប្រពន្ធតាមប្រពៃណី តែបែរជាខាងប្រុសមិនមក។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ចំណុចផ្ទះបាយ ស្ថិតនៅភូមិស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថាស្រ្តីរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ គឹម អាងអាយុ២៩ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់ដោយបន្សល់កូនកំព្រាតូចៗ៣នាក់ ក្នុងនោះមានកូនប្រុស២នាក់ និងស្រីម្នាក់។ ចំណែកបុរសជាគូស្នេហ៍នោះមានឈ្មោះ ញ៉ក់ គ្រី ស្នាក់នៅភូមិរនាម ឃុំទំរីង ស្រុកសណ្តាន់
យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ស្ត្រីរងគ្រោះនិងឈ្មោះញ៉ក់ គ្រីខាងលើ បានស្រលាញ់គ្នារបៀបលួចលាក់ជាយូរមកហើយ ប៉ុន្តែបងប្អូនខាងស្រីមិនទាន់ដឹង ក្រោយបងប្អូនដឹងរឿង ក៏នាំគ្នាស្តីបន្ទោសថា យកអីប្តីគេ មិនដែលរស់នៅសុខស្រួលទេ ដោយតូចចិត្តនិងបងប្អូនស្តីបន្ទោសផងនោះ គួបផ្សំនិងហៅគូស្នេហ៍មកសែនព្រេន តែគូស្នេហ៍មិនមក ក៏ដាច់ចិត្តបញ្ចប់ជីវិតដោយចងកធ្វើអត្តឃាតតែម្តងទៅ។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី៥ ម្សិលមិញនេះ ខាងស្ត្រីរងគ្រោះបានហៅបុរសកំណាន់ចិត្តមកសែនព្រេន តែខាងប្រុសនៅវេលាថ្ងៃមិនបានមកទេ លុះយប់ជ្រៅបន្តិចទើបមក ពេលមកដល់ជួបស្ត្រីរងគ្រោះ ស្រាប់តែស្ត្រីរងគ្រោះបានចោទប្រកាន់ទៅលើឈ្មោះញ៉ក់ គ្រី ថាចាប់រំលោភនាងដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍រដ្ឋបាលឃុំទំរីង មន្ត្រីប៉ុស្តិ៍ហៅអ្នកទាំងពីរមកសាកសួរពេលសមត្ថកិច្ចសាកសួរឈ្មោះញ៉ក់ គ្រីបានឆ្លើយថា មិនមែនខ្ញុំចាប់រំលោភទេ ខ្ញុំបានស្រឡាញ់ជាយូរមក ហើយភាគីទាំង២ធ្វើការសម្របសម្រួលគ្នា ដោយសមត្ថកិច្ចអនុញ្ញាតឲ្យអ្នកទាំង២ត្រឡប់ទៅផ្ទះវិញ តែទៅតាមផ្លូវមិនដឹងជាឈ្លោះប្រកែកយ៉ាងណានោះទេ បានជាខាងនារីដែលជាគូស្នេហ៍សម្រេចចិត្តបញ្ចប់ជីវិតដោយចងកធ្វើអត្តឃាតបែបនេះទៅវិញ៕
បច្ចុប្បន្នសាកសព កំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយបន្សល់ទុកក្មេងកំព្រា៣នាក់ ឲ្យនៅកំព្រាគ្មានឪពុកនិងម្តាយហៅនឹងគេ៕
ព័ត៌មានជាតិ
មតិយោបល់