ព័ត៌មានជាតិ

រថយន្តបែនដឹកថ្ម រេចង្កូតមុជក្បាលចូលប្រឡាយទឹកស្អុយ

ភ្នំពេញៈ រថយន្តបែន ដឹកថ្មមួយគ្រឿង ត្រឡប់មកពីចាក់ថ្មឲ្យម៉ូយវិញ រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងខាងលិចមណ្ឌលកែប្រែឱកាសខ្ញុំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកបើករថយន្តឈ្មោះ មុន សុភស្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិព្រៃទើ ឃុំព្រៃងៀត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុបានឃើញរថយន្តប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-7161បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនទិសដៅពី កើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ធ្លាក់ចូលប្រឡាយទឹកតែម្តង តែសំណាងល្អមិនបង្កការប៉ះពាល់អ្នកដំណើរតាមដងផ្លូវ ហើយក្រោយកើតហេតុ គេឃើញបុរស២នាក់ បើកទ្វារថយន្តចេញមកខាងក្រៅក្នុងលក្ខណៈភិតភ័យផងដែរ។

តាមសម្តីអ្នកបើករថយន្ត បានប្រាប់ថា មុនកើតហេតុក្រោយពីត្រឡប់មកពីចាប់ថ្មឲ្យម៉ូយរួចហើយនោះ ពួកគាត់ក៏បានបើករថយន្តត្រឡប់មកចំណុចខាងលើ គោលបំណងទៅចាក់ប្រេងរថយន្ត ខណៈមកដល់កន្លែងកើតហេតុស្រាប់រថយន្តបានជាប់ចង្កូតទោះបីប្រឹងកាច់យ៉ាងណាមិនបាន ក៏ជ្រុលធ្លាក់ចូលប្រឡាយទឹកតែម្តងតែសំណាងល្អមិនមានរងរបួសគ្រាន់តែរងការភិតភ័យ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុដោយឃើញថាក្នុងហេតុការណ៍នេះរថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង ទើបសមត្ថកិច្ចឲ្យម្ចាស់ហៅរថយន្តមកស្ទូច យកទៅដោយខ្លួនឯងវិញចុះ៕

មតិយោបល់