ព័ត៌មានជាតិ

ទីស្នាក់ការគណបក្ស សង្កាត់ព្រែកថ្មី ចំណាយជាង១០ម៉ឺនដុល្លារ ត្រូវសម្ពោធថ្ងៃនេះ

ភ្នំពេញ: ទីស្នាក់ការគណបក្ស សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលបានសាងសង់ឡើងអំពីថ្មប្រក់ក្បឿង ចំណាយថវិកាអស់ជាង១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២១ ឧសភានេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងមានការចូលរួមពីសមាជិក សមាជីការគណបក្សប្រជាជនកម្ពុជា ជាច្រើនរយនាក់ផងដែរ។

លោក អ៊ាង ស៊ីផាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ទីស្នាក់ការគណបក្សសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលបើកសម្ពោធដាក់ឲ្យប្រើប្រាស់នេះ មានបណ្តោយ១២ម៉ែត្រសាងសង់ ឡើងអំពីថ្មប្រក់ក្បឿង មានបន្ទប់រដ្ឋបាល១ បន្ទប់ដាក់សម្ភារៈ១ បន្ទប់ទឹក២ សាលប្រជុំធំ១ និងបានបំពាក់សម្ភាៈការិយាល័យរួចរាល់ ព្រមទាំងបានសាងសង់របងព័ទ្ធជុំវិញ រៀបចំការ៉ូឡា ទីធ្លា និងក្លោងទ្វា ។ អគារនេះបានចាប់ផ្តើម ការសាងសង់កាលពីខែសីហា ឆ្នាំ២០១៤ និងបានបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០១៥ ដោយចំណាយថវិកាអស់ចំនួន ១០២១៧៥ដុល្លាអាមេរិក លើផ្ទៃដីទំហំ១៤ម៉ែត្រគុណនិង៥៥ម៉ែត្រ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា មានកម្មវិធីនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ។ ការដាក់ចេញជានយោបាយនេះ គឺពិតជាមានសារៈសំខាន់ណាស់ ពោលគឺបើដាក់កម្មវិធី នយោបាយខុស វានឹងនាំឲ្យប្រទេសជាតិវិនាស តែបើដាក់ត្រូវវានឹងនាំ ឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើន ជាក់ស្តែងសម្រាប់គណបក្សប្រជាជនកម្ពុជា ការដាក់កម្មវិធីនយោបាយត្រឹមត្រូវនេះហើយ ទើបបានធ្វើឲ្យប្រទេសមួយ ដែលមិនមានអ្វីទាំងអស់ គឺមានតែឈាម និងទឹកភ្នែក គ្មានការអភិវឌ្ឍន៍រីកចំរើនដូចសព្វថ្ងៃនេះ។

ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្ស ក៏បានណែនាំឲ្យ គណបក្សខណ្ឌ ត្រូវដើរតួនាទីសំខាន់ ក្នុងការដឹកនាំសង្កាត់ ធ្វើយ៉ាងណាឲ្យសង្កាត់មានការរីកចំរើន និងធ្វើឲ្យភូមិសង្កាត់មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ក្រៅពីនេះសមាជិកបក្សយើងទាំងអស់ ត្រូវបន្តការធ្វើអំពើល្អ ចេះជួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ពេលដែលពួកគាត់ជួបការលំបាក៕

photo_2016-05-21_12-13-56 photo_2016-05-21_12-13-56 (2) photo_2016-05-21_12-13-58 (2) photo_2016-05-21_12-13-58 photo_2016-05-21_12-13-59 (2) photo_2016-05-21_12-22-01 photo_2016-05-21_12-14-00

មតិយោបល់