ភ្នំពេញៈ បុរសវ័យក្មេងម្នាក់បើករថយន្តឡិចស៊ីសRX300 ក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយរថយន្តកាមរីហាយប្រ៊ីត យ៉ាងពេញទំហឹងឮស្នូដូចផ្គោលាន រួចរ៉េចង្កូតទៅបុកបាក់រនាំងដែកពុះចែកទ្រូងផ្លូវ៥ផ្ទាំង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសទេ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ០១៦ នៅមុខភោជនីយដ្ឋានប៉ោកី ម្តុំស្តុបពេទ្យចិន តាមបណ្តោយផ្លូវមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនគេឃើញរថយន្ដឡិចស៊ិសRX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-4532 បើកបរដោយបុរសម្នាក់ ធ្វើតាមបណ្ដោយផ្លូវព្រះមុន្នីវង់ ទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្ដក៏ទៅបុកពីក្រោយរថយន្ដ កាមរីហាយប្រ៊ីត មួយគ្រឿង ពណ៌ស គ្មានស្លាកលេខ បើកដោយនារីម្នាក់ ធ្វើតាមបណ្ដោយផ្លូវព្រះមុន្នីវង់ ទិសដៅពីត្បូងទៅជើង យ៉ាងពេញទំហឹង រួចរ៉េចង្កូតទៅបុកបាក់រនាំងដែកពុះចែកទ្រូងផ្លូវ៥ផ្ទាំងតែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ធ្វើការវាស់វែងយករថយន្ដទាំង២ និងបុរសម្ចាស់រថយន្ដឡិចស៊ីសRX300 ទៅការិយាល័យចរាចរណ៍ជើងនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕
មតិយោបល់