ភ្នំពេញៈ អគ្គិភ័យមួយ បានកើតឡើងលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ ឆេះសម្ភារៈនៅក្នុងបន្ទប់គេងជាន់ទីមួយគ្មានសល់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវអេ ផ្ទះលេខ១៩៦ ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះម៉ម ចាន់សុវណ្ណរដ្ឋ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពត៌មានពីពលរដ្ឋនៅក្បែរនោះនិយាយថា គេបានឃើញផ្សែងខ្មួរខ្មាញ់ចេញហុយមកពីផ្ទះខាងលើទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
យោងតាមប្រសាសន៍របស់លោក ម៉ក់ ហុង អធិការនគរបានខណ្ឌសែនសុខ បានឲ្យដឹងថា សម្ភារៈដែលខូចខាតដោយសារភ្លើងឆេះនេះមានសម្ភារៈគេង ពូកខ្នើយសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួន។
នៅក្នុងបន្ទប់គេសង្កេតឃើញ មានឆេះគ្រែ ម៉ាស៊ីនត្រជាក់ និងទ្វារផងដែរ តែគេមិនដឹងពីតម្លៃនៃការខូចខាតថាគិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ។
តាមការសន្និដ្ឋានបថមរបស់សមត្ថកិច្ចការឆាបឆេះនេះអាចបណ្តាលមកពីឆ្លងចរន្តភ្លើងបណ្តាលឲ្យឆេះតែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តនៅឡើយ។
នៅក្នុងប្រតិបត្តការពន្លត់ភ្លើងនេះ អជ្ញាធរយករថយន្តពន្លត់អគ្គិភ័យទៅដល់កន្លែងកើតហេតុចំនួន៣គ្រឿងតែបាញ់ពន្លត់អស់១គ្រឿងភ្លើងបានរលត់ទាំងស្រុង៕
https://youtu.be/bYp0f5CUp3w
មតិយោបល់