ព័ត៌មានជាតិ

មេក្លោងគ្រឿងញៀនគេចខ្លួនជាងមួយឆ្នាំ ទីបំផុតជាប់ជុងដដែល

បន្ទាយមានជ័យៈ ជុងពិតជាមិនភ្លេចកុកទេ ទោះជាយូរប៉ុណ្ណាក៏ដោយ ជាក់ស្ដែងមេក្លោងគ្រឿងញៀនម្នាក់ ដែលព្យាយាមគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចអស់រយៈពេលជាង១ឆ្នាំ ទីបំផុតជាប់ជុងរបស់អាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។

វរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ Post News នៅរសៀលថ្ងៃទី២១ ខែឧសភានេះថា ឈ្មោះ រុន រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានគេចខ្លួនតាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ១២០១៥ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀនជាច្រើនគ្រាប់ និងជាច្រើនកញ្ចប់ ប្រព្រឹត្តនៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្រោយពីគេចខ្លួន លោក លី ម៉េង ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចផ្តន្ទាទោសជនល្មើសខាងលើ ដាក់ពន្ធធនាគាររយៈពេល៥ឆ្នាំ តាមមាត្រា៤០ នៃច្បាប់ស្តីពីការជួញដូរគ្រឿងញៀន គិតពីថ្ងៃចាប់ខ្លួន។

វរសេនីយ៍ឯក សរ ប៊ុនសឿង បញ្ជាក់បន្ថែមថា កម្លាំងអាវុធហត្ថចាប់ខ្លួនបាន បន្ទាប់ពីជនល្មើសបង្ហាញខ្លួននៅក្នុងមូលដ្ឋានរស់នៅរបស់គេ ហើយបច្ចុប្បន្នកម្លាំងអាវុធហត្ថបានបញ្ជូនទៅកាន់សាលាដំបូងខេត្តរួចហើយ នៅរសៀលថ្ងៃនេះ៕

photo_2016-05-21_17-29-12 photo_2016-05-21_17-29-18

មតិយោបល់