ព័ត៌មានជាតិ

ស្រាទៀតហើយ! ព្រោះតែស្រាធ្វើឲ្យស្ត្រីចំណាស់ម្នាក់លង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើល!

កណ្ដាលៈ ស្ត្រីចំណាស់ម្នាក់ស្រវឹងស្រានៅតែម្នាក់ឯង ដើរទៅធ្លាក់ក្នុងប្រឡាយទឹក លង់ស្លាប់យ៉ាងអាណោចអាធម្ម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែម ណាយ ភេទស្រីអាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេ្តកណ្ដាល(ស្លាប់) មានប្តីឈ្មោះ ភួង ផាត ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានកូនស្រី២នាក់។

ប្រភពដដែលបានបន្តថា រយៈពេលប្រមាណជា៨ខែមកហើយ ជនរងគ្រោះនិងប្តីបានមកនៅយាមដីឲ្យឈ្មោះ អៀង ណៃ។ កន្លងមកជនរងគ្រោះ តែងតែពិសារស្រាជាប្រចាំ។ រហូតនៅថ្ងៃកើតហេតុ ពេលហូបបាយថ្ងៃរួចជនរងគ្រោះបានដើរទៅហូបស្រានៅផ្ទះឈ្មោះ ទឹម សុខុន ខាងកើតរោងរបស់ខ្លួន ដល់ម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះក៏ដើរត្រឡប់មករោងវិញ ហើយនិយាយប្រាប់ប្តីថា ខ្ញុំវិលមុខណាស់ ប្តីក៏ប្រាប់ថាបើមិនស្រួលខ្លួនសំរាកទៅកុំផឹកស្រាទៀត ពេលនោះប្តីក៏ទៅរកកម្មករក្នុងភូមិទៅ។ ដល់ម៉ោង៧យប់ ប្តីក៏ត្រឡប់មកដល់រោងវិញមិនឃើញជនរងគ្រោះក៏ឆោឡោដើររក រហូតដល់ម៉ោង៧និង៣០នាទីយប់ ប្តីជនរងគ្រោះក៏រកឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់ក្នុងប្រឡាយទឹកក្បែររោង។

ក្រោយពីកម្លាំងជំនាញស្រុក បានពិនិត្យយ៉ាងហ្មត់ចត់ ដោយមានការចូលរួមពីក្រុមគ្រួសារ គ្រូពេទ្យ និងមេភូមិ ក្រុមប្រឹក្សាឃុំ សាកសពពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ គឺពិតជាស្លាប់ដោយសារលង់ទឹកមែន ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់