ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ជំនាញខាងលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន អស់លក្ខណ៍ហើយពេលនេះ!

កណ្តាល: ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូ C100 កូរ៉េ នៅក្នុងក្រុមហ៊ុន 7NG ហើយបានបន្តលួចម៉ូទ័របូមទឹកចំនួន៤គ្រឿងរបស់ជនរគ្រោះ៣នាក់​ ក្រោយមកជនសង្ស័យទាំង២នាក់មានទំនាស់និងគ្នា ហើយជនសង្ស័យម្នាក់ បានមកសារភាពប្រាប់ជនរងគ្រោះម្នាក់ ថាបានលួចម៉ូទ័របូមទឹក បណ្តាលឱ្យជនរងគ្រោះនោះបានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍សន្លុង។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១យប់ នៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មានជនរងគ្រោះ៣នាក់ ទី១ឈ្មោះ ក្រឹង ស្រ៊ុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើ (បាត់បង់ម៉ូទ័របូមទឹក១គ្រឿង) ទី២ឈ្មោះ ផៃ​ ណេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើ (បាត់បង់ម៉ូទ័របូមទឹក១គ្រឿង) ទី៣ឈ្មោះ ស្រ៊ុយ ស្រួន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល (បាត់បង់ម៉ូទ័របូមទឹក១គ្រឿង)​ និងជនសង្ស័យ២នាក់ ទី១ឈ្មោះ ពៅ រ៉ាន់ ហៅ យ៉ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិឃុំកើតហេតុខាងលើ (ឃាត់ខ្លួន) និងទី២ឈ្មោះ សៅ សឿន ហៅ ដា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិឃុំកើតហេតុខាងលើ (ឃាត់ខ្លួន)។

តាមប្រភពដដែលបានបន្តទៀតថា នៅដើមខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពលួចម៉ូតូ C100 កូរ៉េ នៅក្នុងក្រុមហ៊ុន 7NG ។ នាថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០១៧ បានលួចម៉ូទ័របូមទឹក២គ្រឿង របស់ឈ្មោះស្រ៊ុយ ស្រួន ១គ្រឿង និងម៉ូទ័របូមទឹករបស់ឈ្មោះ ផៃណេត ១គ្រឿង។ ជាក់ស្តែងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅម៉ោង១១យប់ បានលួចម៉ូទ័របូមទឹកជនរងគ្រោះឈ្មោះ ក្រឹង ស្រ៊ុន ១គ្រឿងថែមទៀត។

លុះដល់ថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០១៧ វេលាម៉ោង៤រសៀល ជនសង្ស័យទាំង២នាក់មានទំនាស់និងគ្នា ហើយជនសង្ស័យឈ្មោះ ពៅ រ៉ាន់ ហៅ យ៉ាង បានមកសារភាពប្រាប់ជនរងគ្រោះឈ្មោះ​ ផៃ ណេត ថាបានលួចម៉ូទ័របូមទឹក ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សន្លុង សមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុងបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់