ព័ត៌មានជាតិ

រថយន្ត១គ្រឿង បើកបុកដើមអាកាស្យា បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់-ស្រាល នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើករេចង្កូតទៅបុកដើមអាកាស្យា បណ្តាលឲ្យមនុស្សប្រុស-ស្រីចំនួន៤នាក់ រងរបួសធ្ងន់-ស្រាល ស្ថិតនៅក្នុងភូមិទំពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក Siena មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ.1169 លុះបើកបរមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកដើមអាកាស្យា បណ្តាលឲ្យមនុស្ស៤នាក់ នៅក្នុងរថយន្តរងរបួសធ្ងន់-ស្រាល ។

ជនរងគ្រោះ១-ឈ្មោះ កាន់ សៀងហ៊ុយ ភេទស្រី អាយុ២១ឆ្នាំ ២-ឈ្មោះ អិន សុខរី ភេទស្រី អាយុ២៣ឆ្នាំ ទាំងពីរនាក់នេះ មានទីលំនៅភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៣-ឈ្មោះ ផុន រ៉ាដា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ៤-ឈ្មោះ ឬទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិខ២ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ជួយអន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅវាលរេញ ដើម្បីព្យាបាល និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

មតិយោបល់