ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋនេសាទប្រទះឃើញអណ្តែតទឹកទន្លេសាប ដោយមានស្នាមរបួសដំបៅចាស់ចំសៀតផ្កាខាងឆ្វេង ដោយសមត្ថកិច្ចមូលដ្ឋានដាក់ការសង្ស័យថា ជាករណីលង់ទឹក ហើយសមត្ថកិច្ចកំពុងស្រង់យកមកដាក់នៅវត្តថ្មី ដើម្បីធ្វើកោសល្យវិច្ច័យនិងស្វែងរកសាច់ញាតិ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចទន្លេសាបមុខសាលាសង្កាត់ជ្រោយចង្វារ តាមបណ្តោយផ្លូវទន្លេសាប ក្រុមទី២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើទោះបីជាយ៉ាងណាជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយសាកសពមានស្នាមរបួសដំបៅចាស់ចំសៀតផ្កាខាងឆ្វេង ដោយសពស្លៀកខោខ្មៅជើងវែងពាក់អាវយឺតរាងសប្រផេះដៃខ្លីមានអាយុប្រហែលជាង ៤០ឆ្នាំ កំពស់ ១ម៉ែត្រ ៥០ជាង ហើយសមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច្ច័យដើម្បីរកមូលហេតុពិត។
បើតាមប្រជាពលរដ្ឋនេសាទបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពួកគាត់កំពុងតែនេសាទនៅចំណុចខាងលើ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ក៏បានប្រទះឃើញសាកសពបុរសម្នាក់ហើមស្ពីងអណ្តែតទឹក ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យមើល។ នៅពេលដែលសមត្ថកិច្ចមកដល់ ក៏ស្រង់មកដាក់លើគោក ហើយក៏ប្រកាសស្វែងរកសាច់ញាតិផងដែរ។
បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យនឹងធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចបានបញ្ជាក់ថា សាកសពបុរសរងគ្រោះខាងលើនេះ គឺស្លាប់ដោយសារលង់ទឹក ដោយមិនមានស្លាកស្នាមសង្ស័យអ្វីផ្សេងឡើយ៕
មតិយោបល់