ព័ត៌មានជាតិ

ផ្ទុះឧស្ម័នកំប៉ុងហ្គាសផ្លាតត្រូវបែកទ្វារកញ្ចក់ឱសថស្ថានរងមួយកន្លែង បង្កការភ្ញាក់ផ្អើល!

ភ្នំពេញៈ ទ្វារកញ្ចក់ឱសថស្ថានរងមួយកន្លែងផ្ទុះបែកខ្ទេចទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចោមរោមមើល ស្មានតែមានមនុស្សរងរបួស។

ហេតុការណ៍ផ្ទុះឧស្ម័នកំប៉ុងហ្គាស ផ្លាតមកប៉ះទ្វារកញ្ចក់នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចឱសថស្សានរង(ខ) ពិសិដ្ឋ ផ្ទះលេខ៦៩E0 ផ្លូវកម្ពុជាក្រោម ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមលោកចៅសង្កាត់ទឹកល្អក់១បានរៀបរាប់ប្រាប់ថា ករណីផ្ទុះកញ្ចក់ទ្វារផ្ទះឱសថស្ថានរង(ខ) ពិសិដ្ឋ ខាងលើនេះគឺបណ្តាលមកពីកំប៉ុងហ្គាស ដោយទុកចោល ហើយចំហាយឧស្ម័នហ្គាសចេញពីក្បាលកំប៉ុងក៏ផ្ទុះផ្លាតមកប៉ះកញ្ចក់ទ្វារបែកដូចឃើញជាក់ស្តែងស្រាប់។

តាមសំដីម្ចាស់ឱសថស្ថានបានប្រាប់ថា មុនពេលកើតហេតុក្រុមគ្រួសារគាត់នៅខាងក្នុងផ្ទះទាំងអស់គ្នាស្រាប់តែកំប៉ុងហ្គាសថ្មីដែលទុកចោលនៅចង្ក្រានបាយបានផ្ទុះមានអណ្តាតភ្លើង ផ្លាតពីផ្ទះបាយខាងក្រោយមកប៉ះទ្វារកញ្ចក់ខាងមុខផ្ទះបែកខ្ទេចតែម្តង តែមិនមានសមាជិកគ្រួសារណាម្នាក់រងរបួសឡើយ។

យោងតាមលោកនាយប៉ុស្តិ៍នរគបាលទឹកល្អក់១ បានប្រាប់ឲ្យដឹងថា នេះជាករណីផ្ទុះចំហាយឧស្ម័នកំប៉ុងហ្គាស ផ្លាតមកប៉ះទ្វារកញ្ចក់បែកខ្ទេចទាំងស្រុងតែមិនបណ្តាលអោយមានមនុស្សគ្រោះថ្នាក់ឡើយ។ លោកក៏សំណូមពរអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ និងត្រូវមានឧបករណ៍ពន្លត់អគ្គិភ័យនៅក្នុងផ្ទះដើម្បីជួយទប់ស្កាត់បឋមមុនពេលរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងហេតុ៕

មតិយោបល់