ព័ត៌មានជាតិ

ជីតាប្រើឲ្យទៅយកស្នប់សប់កង់នៅផ្ទះយាយ បែរជាទៅលេងទឹកលង់ស្លាប់

កណ្តាលៈ ករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់។

កើតហេតុនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤ ល្ងាច នៅចំណុចមាត់ទន្លេ ក្នុងអន្លង់បូមខ្សាច់ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

កុមារារងគ្រោះឈ្មោះ រស្មី សីហា អាយុ៩ឆ្នាំ មុខរបរ សិស្សថ្នាក់ទី២ ស្នាក់នៅសព្វថ្ងៃភូមិពោធិធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុ ជីតារបស់កុមាររងគ្រោះ បានប្រើជនរងគ្រោះឲ្យទៅយកស្នប់សប់កង់នៅភូមិខ្សាច់នៅផ្ទះយាយបង្កើតឈ្មោះ យាយលីម ។
លុះដល់វេលាកើតហេតុ ស្រាប់តែឈ្មោះធារ៉ា ភេទស្រី បានមកប្រាប់ម្តាយរបស់ឈ្មោះ សីហា ថាឈ្មោះ សីហា បានទៅលេងទឹក អន្លង់បូមខ្សាច់មាត់ទន្លេជាមួយ ក្មេងៗក្នុងភូមិខ្សាច់ បណ្តាលឲ្យលង់ទឹកស្លាប់។ ក្រោយពីឈ្មោះធារ៉ា ប្រាប់ភ្លាម ម្តាយកុមារឈ្មោះសីហា បានទៅដល់កន្លែងកើតហេតុ ហើយឃើញកូនលង់ទឹកក្នុងអន្លង់ខ្សាច់ ក៏បានយកសាកសពកូនមកផ្ទះ។

កម្លាំងសមត្ថកិច្ចជំនាញស្រុក ប៉ុស្តិ៍ មេឃុំ មេភូមិ និងពេទ្យមណ្ឌលសុខភាព បានពិនិត្យសាកសព។ ការសន្និដ្ឋាន សាកសពកុមារារងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។ សពកុមាររងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់