ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អូស្រា្តលី នៅតែបន្តផ្តល់ជំនួយប្រមាណ ៩០លានដុល្លារក្នុងមួយឆ្នាំដល់កម្ពុជា ទោះបើអូស្រ្តាលីដាក់ចេញគោលនយោបាយកាត់បន្ថយជំនួយទៅក្រៅប្រទេស

ភ្នំពេញៈ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលទើបនឹងចូលបំពេញការងារថ្មី បានបញ្ជាក់ថា បើទោះបីប្រទេសអូស្ត្រាលី ដាក់ចេញគោលនយោបាយកាត់ បន្ថយជំនួយទៅក្រៅប្រទេស តែអូស្ត្រាលី មិនបានកាត់បន្ថយជំនួយប្រមាណ ៩០លានដុល្លារក្នុងមួយឆ្នាំមកប្រទេសកម្ពុជានោះឡើយ។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោកស្រី Angela Corcoran និងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងការបរទេស។

ក្រោយពីបញ្ចប់ជំនួបនោះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃនូវទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី និងតែងបានផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍នៅ កម្ពុជាលើផ្នែកកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ ការតាក់តែងច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការការពារ ស្រ្តី។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏រំពឹងថា នៅក្នុងអាណត្តិការងាររបស់លោកស្រីAngela Corcoran ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការកម្ពុជា-អូស្រ្តាលី នឹងត្រូវពង្រឹងពង្រីកឲ្យកាន់តែល្អប្រសើរថែមទៀត។

ចំណែកលោកស្រី Angela Corcoran ក៏បានសម្តែងសុទិដ្ឋនិយម និងវាយតម្លៃខ្ពស់ផងដែរចំពោះទំនាក់ទំនងកម្ពុជា និងអូស្រ្តាលី ហើយលោកស្រីរំពឹងថា ក្នុងបេសកកម្មការងារនៅកម្ពុជារបស់លោកស្រី នឹងទទួលបានការគាំទ្រខ្ពស់ពីលោករដ្ឋមន្រ្តីក្រសួងការបរទេស។

លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនូវកិច្ចព្រមព្រៀងអនុស្សារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីជនភៀសខ្លួន ដែលបញ្ជូនប្រទេសអូស្ត្រាលី។ ពាក់ព័ន្ធនឹងបញ្ហាជំនួយវិញ លោកស្រីថា បើទោះបីប្រទេសអូស្ត្រាលី ដាក់ចេញគោលនយោបាយកាត់ បន្ថយជំនួយទៅក្រៅប្រទេស តែអូស្ត្រាលី មិនបានកាត់បន្ថយជំនួយប្រមាណ ៩០លានដុល្លារក្នុងមួយឆ្នាំមកប្រទេសកម្ពុជានោះឡើយ។

លោកស្រី Angela Corcoran បានលើកឡើងផងដែរថា ប្រទេសកម្ពុជា បានក្លាយជាគោលដៅ ដ៏ល្អមួយសម្រាប់និស្សិតរបស់អូស្ត្រាលីមកដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ ដែលមកដល់បច្ចុប្បន្នមានរហូតដល់ជាង ៣០០នាក់។

លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលតែងបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ៥០នាក់ជារៀងរាល់ ដែលមកដល់ពេលបច្ចុប្បន្ននេះ មាននិស្សិតអាហារូបករណ៍រហូតដល់ទៅ ៧០០នាក់ បានសិក្សានៅប្រទេសអូស្ត្រាលី ហើយក្នុងចំណោមនិស្សិតទទួលបានអាហារូបករណ៍នេះ មាន ៤នាក់ កំពុងបំពេញការងារជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅបណ្តា ប្រទេសនានា៕

photo_2016-08-04_19-02-25photo_2016-08-04_19-02-32photo_2016-08-04_19-02-38

មតិយោបល់