ព័ត៌មានជាតិ

មុខមាត់ស្អាតបាត បែរជាធ្វើសកម្មភាពលួចកាបូបគេមានអីជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យជានារីម្នាក់ ធ្វើសកម្មភាពលួចកាបូបលុយរបស់នារីរូបស្រស់ម្នាក់ បានសម្រេចតែគេចមិនរួចត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់២ធ្វើការឃាត់ខ្លួនបានយកមកធ្វើការសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចតូបលេខបេ៧៣ ផ្សារទួលគោក ផ្លូវលេខ៦១៤ ក្រុម៦១ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ហ៊ុន ស្រីណា ហៅវី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ខោអាវតូបលេខបេ៧៣ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន កាបូបដៃពណ៌ខ្មៅ មានលុយ៤០ដុល្លារ និង៤២,០០០រៀល (បានប្រគល់ឲ្យជនរងគ្រោះវិញ)។

ចំណែកជនរងគ្រោះមានឈ្មោះ ឡុង ស្រីម៉ី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ លក់ខោអាវតូបលេខបេ៧៣ ផ្សារទួលគោក ស្នាក់នៅផ្ទះលេខ២ ផ្លូវលេខ៦០៨ ក្រុម៨០ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

មុនពេលកើតហេតុ ជនរងគ្រោះបានទុកកាបូបនៅក្បែរខ្លួន ហើយអង្គុយញ៉ាំបាយនៅក្នុងតូប ពេលនោះជនសង្ស័យដើរចូលមករកទិញខោអាវ ហើយជនរងគ្រោះបានងើបទៅយកឲ្យតាមការមើលរបស់ជនសង្ស័យ ឆ្លៀតពេលនោះជនសង្ស័យបានធ្វើសកម្មភាពលួចកាបូបរបស់ជនរងគ្រោះ ដោយជនរងគ្រោះមើលឃើញទាន់បានស្ទុះមកឃាត់ជនសង្ស័យរួមទាំងវត្ថុតាង ព្រមទាំងនាំមកប្រគល់ឲ្យកម្លំាងនគរបាលប៉ុសិ៍តរដ្ឋបាលបឹងកក់ទី២តែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់