ព័ត៌មានជាតិ

កំពុងរៀបចំអីវ៉ាន់បម្រុងបិទតូប ងាកមើលកាបូបបាត់អស់២ពាន់ដុល្លារ

ភ្នំពេញៈ ពីរនាក់ប្តីប្រពន្ធ រវល់ទុកដាក់អីវ៉ាន់បម្រុងបិទតូបងាកមើលកាបូបបាត់អស់លុយ២ពាន់ដុល្លារ អត្តសញ្ញាណប័ណ្ណ២ កាតគ្រីម៉ូតូ១ ទូរសព្ទ២គ្រឿង ប័ណ្ណធានាម៉ូតូ១។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតូបមួយកន្លែងក្នុងផ្សារដំបូលក្រហម ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើមានឈ្មោះ លឹម គួន អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ ផេង សុខលីម អាយុ៤២ឆ្នាំ អ្នកទាំ២នាក់ប្តីប្រពន្ធ មានមុខរបរលក់អីវ៉ាន់ចាប់ហួយនៅផ្សារដំបូលក្រហម ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាំង២នាក់ប្តីប្រពន្ធ មានស្រុកកំណើតនៅភូមិស្វាយលើ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមការរៀបរាប់របស់បុរសជាប្តីបានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងប្រពន្ធបានរវល់រៀបចំអីវ៉ាន់ដែលពួកគាត់បានដាក់លក់ពេញមួយថ្ងៃដើម្បីទុកដាក់កន្លែងដើមវិញងាយស្រួលបិទតូប ខណៈដែលប្រពន្ធរវល់ទុកដាក់នៅខាងក្នុងតូបគាត់ជាប្តីប្រមូលអីវ៉ាន់នៅខាងមុខតូប ដោយបានទុកកាបូបស្ពាយនៅក្នុងកន្ត្រកជ័រលើតូបហើយគាត់នៅឃ្លាតពីកាបូបចម្ងាយប្រហែលជាង១ម៉ែត្រប៉ុណ្ណោះ ដោយបែរខ្នងដាក់កាបូបហើយងាកមកមើលវិញបាត់កាបូបតែម្តង។

បុរសនោះបន្តថាលុយនៅក្នុងកាបូបស្ពាយនោះទាំងលុយរៀលនិងលុយដុល្លារសរុប២ពាន់ដុល្លា អត្តសញ្ញាណប័ណ្ណ២ កាតគ្រីម៉ូតូ១ ប័ណ្ណធានាម៉ូតូ១ និងទូរសព្ទចំនួន២គ្រឿង។

ក្រោយពេលកើតហេតុនៅម៉ោង២និង៥០នាទីរសៀលថ្ងៃទី១១ខែមិថុនាបុរសជាប្តីបានទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីដាក់ពាក្យបណ្តឹងទាំងសោកស្តាយ៕

https://youtu.be/K8XHM77Rtyw

មតិយោបល់