កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួចបានប្រាប់Post Newsថា កម្លាំងនគរបាលនៃអធិការដ្ឋានបានសហការជាមួយនិងកម្លាំងចម្រុះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត-ស្រុក-ឃុំនិងភូមិ ចុះត្រួតពិនិត្យនិងធ្វើតេស្តពិនិត្យទឹកនោមនៅក្នុងក្លឹប គិរីរម្យ រកឃើញអ្នកពាក់ពន្ធ័គ្រឿងញៀនជិត១០នាក់ យកមកធ្វើការសាកសួរ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទីតាំងក្លឹបកម្សាន្តមួយកន្លែងដែលមានយីហោ គិរីរម្យក្លឹប នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការត្រួតពិនិត្យនេះមានការដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ាត់ ធុច ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំងគោលដៅងាយរងគ្រោះដែលជាចំណុចក្លឹបកម្សាន្ត គីរីរម្យ ក្លឹប ខាងលើដែលមានម្ចាស់ក្លឹបឈ្មោះ ទិត្យ ស៊ីណា ភេទស្រី អាយុ៥៥ឆ្នាំ បានចូលរួមជាមួយនិងសមត្ថកិច្ច។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ទៅលើមនុស្សក្នុងក្លឹបចំនួន២២នាក់ ស្រី៦នាក់ មានសារធាតុញឿន១០នាក់ ស្រី៣ នាក់ ក្នុងនោះមានភ្ញៀវមកកម្សាន្ត៥នាក់ បុគ្គលិកក្នុងក្លឹប៥នាក់ស្រី៣នាក់ និងឆែកឆេររកឃើញម្សៅក្រាម សថ្លាចំនួន៣កញ្ចប់តូច សង្ស័យជាថាសារធាតុញៀន។
ចំពោះវត្ថុតាងនិងមុខសញ្ញាមានសារធាតុញៀនខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន៩នាក់ ក្នុងនោះស្រី២នាក់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់