កណ្តាលៈ នៅរសៀលម៉ោង៣និង៣២នាទី លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Post News មុននេះបន្តិចថា លោកកំពុងតែបញ្ជាឲ្យនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកណ្តាល កោះហៅលោក វរសេនីយ៍ត្រី លឹម ចំណាន នាយរងការិយាចរាចរណ៍ផ្លូវគោកខេត្តកណ្តាល ដែលបានប្រព្រឹត្តបើករថយន្តកៀរគេហើយបាញ់មួយគ្រាប់បន្ថែមទៀត កាលពីវេលាម៉ោង៥និង៥៨នាទីល្ងាចនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ យកមកសាកសួរ ប្រសិនជាបានប្រព្រឹត្តពិតមែន លោកនឹងមានវិធានការឲ្យពិន័យកងកម្លាំង និងសងសំណងទៅជនរងគ្រោះ។
សូមបញ្ជាក់ថា មានករណីដ៏សាហាវមួយបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៥និង៥៨នាទីល្ងាច ដោយមានរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង ក្នុងទិសដៅស្របគ្នា បានជិះវ៉ាខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀតមិនព្រមឈប់ បែរជាបង្អង់ល្បឿន បើកកញ្ចក់រថយន្តបាញ់មួយគ្រាប់ គំរាមនិងបើករត់គេចខ្លួនបាត់។
ក្នុងនោះដែរ បើយោងតាមFacebook មួយដែលមិត្តភក្តិរបស់ជនរងរគ្រោះ បានបង្ហោះទាំងវីដេអូ និងខ្លឹមសារយ៉ាងដូច្នេះថា៖ «ប្អូនស្រីម្នាក់កំពុងបើករថយន្ត ត្រូវជនដៃដល់ ជែងរថយន្តមកប៉ះហើយបាញ់មួយគ្រាប់គំរាម រួចរត់បាត់ស្រមោលដោយសុវត្តិភាព ខណៈនេះគាត់មានការភ័យខ្លាចណាស់ គាត់ស្នើសុំឲ្យខ្ញុំជួយបង្ហោះដើម្បីរកយុត្តិធម៌ជូនគាត់។ ដោយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៥និង៥៨នាទីល្ងាច នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ មានឡានបាឡែនពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿងបើកបរដោយជនមិនស្គាល់មុខ ទិសដៅស្របគ្នា បានជិះមកវ៉ាខាងស្តាំដៃហើយបុកកញ្ចក់ឡានខ្ញុំ ពេលនោះខ្ញុំបានជិះតាមហើយស៊ីផ្លេឲ្យគាត់ឈប់ ដោះស្រាយ តែឡាននោះបែរជាបង្អង់ល្បឿន បើកកញ្ចក់ឡាន ហើយបាញ់មួយគ្រាប់បម្រុងសម្លាប់តែម្តង សំណាងហើយដែលមិនត្រូវ បន្ទាប់មកឡាននោះក៏អែបស្តាំហើយអ្នកបើកបរចេញមកក្រៅកាន់កាំភ្លើងជាប់នឹងដៃ រង់ចាំឡានពួកខ្ញុំដែរ អែបស្តាំឈប់នៅក្រោយឡានរបស់ជនបង្កហេតុ ដោយសារតែភាពភ័យខ្លាចពេក ពួកខ្ញុំក៏បកឡានថយក្រោយ ដើម្បីរកទីតាំងសុវត្ថិភាព គ្រប់សកម្មភាពទាំងអស់មាននៅក្នុងកាមេរ៉ាសុវត្ថិភាព ជាភស្តុតាង ហេតុអ្វីជីវិតមនុស្សនៅស្រុកខ្មែរពិតជាគ្មានតម្លៃមែន ទេ? «បើចាប់មិនបានទៀត ឈប់ធ្វើប៉ូលិសហើយទៅធ្វើស្រែចុះ»៕
https://youtu.be/ytDAkdF5qmU
មតិយោបល់