ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ដកហូតដាវសាំម៉ូរ៉ៃ៣ដើមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន!

ភ្នំពេញ: កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតដាវសាំម៉ូរ៉ៃចំនួន ៣ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រតិបត្តិការចុះបង្ក្រាបនេះ គឺធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ក្រុម៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង ២នាក់នោះ ទី១-ឈ្មោះ សុខ សាល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ និងទី២-ឈ្មោះ ទ្រី ឈុងឡង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះដែរ គឺកម្លាំងសមត្ថកិច្ចខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបក្រុមជនសង្ស័យទាំង ២នាក់ខាងលើ ដោយក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការដកហូតនៅសម្ភារ:មួយចំនួនរួមមាន ដាវសាំម៉ូរ៉ៃចំនួន ៣ដើម, សោកាច់កម៉ូតូមួយចំនួន, ម្សៅក្រាមពណ៌សថ្លាចំនួន មួយកញ្ចប់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ស្លាកលេខម៉ូតូចំនួន មួយ គឺ ភ្នំពេញ 1O-5499 និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។ ក្រោយមក សមត្ថកិច្ចយើងបានធ្វើការនាំខ្លួនជនសង្ស័យទាំង ២នាក់ខាងលើទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់