ព័ត៌មានជាតិ

ជនជាតិបរទេសជិត១០ម៉ឺននាក់ មាន៥៨សញ្ជាតិ កំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញៈ លោក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ ជាប្រធានក្រុមការងារចម្រុះ ចុះអនុវត្តការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ខណ្ឌចំការមនជាតំណាងលោក សុខ ផល អគ្គនាយកអន្តោប្រវេស៍ និងលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សមាសភាព ក្រុមការងារចម្រុះ ចុះអនុវត្តផែនការលេខ០១០ និងសេចក្តីណែនាំលេខ១៦៧០ របស់ក្រសួងមហាផ្ទៃនៅសាលប្រជុំសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។

លោក ឃុន សំបូរ បានមានប្រសាសន៍ថា បើតាមការសម្រង់ស្ថិតិកាលពី ឆ្នាំ២០០២-២០១០ និង ២០១៤ គឺមានចំនួន៧ម៉ឺននាក់ ឬរហូតដល់១០ម៉ឺននាក់ ដែលកំពុងរស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមាន៥៨សញ្ជាតិ ក្នុងនោះសញ្ជាតិវៀតណាមច្រើនជាងគេដែលមានរហូតដល់ជិត៩០ភាគរយ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ថ្ងៃនេះសាលារាជធានីភ្នំពេញមានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សមាសភាពក្រុមការងារចម្រុះចុះអនុវត្តផែនការលេខ០១០ និងសេចក្តីណែនាំលេខ១៦៧០ របស់ក្រសួងមហាផ្ទៃ ដើម្បីជម្រាបជូននូវផែនការទៅដល់បណ្តាខណ្ឌទាំង៨ ធ្វើយ៉ាងណាចុះជំរឿនស្ថិតិជនអន្តោប្រវេសន៍ ឲ្យបានល្អប្រសើរនិងឲ្យបានទាន់ពេលវេលាក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានជម្រាបជូននូវប្រវត្តិនៃការរៀបចំធ្វើសម្រង់ស្ថិតិជនអន្តោប្រវេសន៍ថា ការរៀបចំធ្វើសម្រង់ស្ថិតិ ជនអន្តោប្រវេសន៍ នេះគឺបានធ្វើតាំងពីទស្សវត្សរ៍ទី៦០ មកម្ល៉េះដោយអតីតសម្តេចព្រះបរមរតនកោដ្ឋ ដោយបានរៀបចំច្បាប់អន្តោប្រវេសន៍ និងការងារជាច្រើនទៀត។

ប៉ុន្តែចៃដន្យដោយសារប្រទេសយើង ធ្លាក់ចូលសង្គ្រាមក្នុងឆ្នាំ១៩៧០ទើបធ្វើឲ្យការងារនេះបានអាក់ខាន។ ដូច្នេះសូមកុំមានការគិតថាប្រទេសគេស្រួលណាស់រឿងអន្តោប្រវេសន៍យើងគួរតែមានមោទនភាពដែលបានចូលរួមក្នុងកិច្ចការងារអន្តោប្រវេសន៍ នាពេលនេះសម្រាប់កូនចៅជំនាន់ក្រោយ៕

photo_2016-04-20_15-27-51photo_2016-04-20_14-47-07 photo_2016-04-20_14-47-14 photo_2016-04-20_14-47-13 photo_2016-04-20_14-47-11 photo_2016-04-20_14-47-08

មតិយោបល់