ព័ត៌មានជាតិ

បុរសម្នាក់ជួញដូរគ្រឿងញៀនត្រូវឃាត់ខ្លួន!

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២កញ្ចប់និងវត្ថុតាងមួយចំនួនផ្សេងទៀត នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានទិញយកមកទុកលក់និងចែកចាយបន្តពិតប្រាកដមែន។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចភូមិសំប៉ាន ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។

តាមប្រភពព័ត៌បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លួន ខួច ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅ ភូមិសំបុកចាប សង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ ជាងផ្សារដែក។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីយប់ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកោះធំបានចេញល្បាតតាមផ្លូវជាតិលេខ២១ រហូតដល់ចំនុចភូមិសំប៉ាន ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល​ ក៏បានជួបជនសង្ស័យខាងលើ កំពុងជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ក្រោយមកសមត្ថកិច្ចនគរបាលក៏បានដេញតាម រួចឃាត់ជនសង្ស័យ និងត្រួតពិនិត្យឆែកឆេររកឃើញនិងដកហូតវត្ថុតាងមួយចំនួនមានដូចជា ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់​ (ធំ១តូច១) ម៉ូតូចំនួន១គ្រឿង ម៉ាកស៊ុយស៊ុយគីស្ទែប ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1-AL 0029 ប្រាក់រៀលចំនួន ប្រាំម៉ឺនបីពាន់ប្រាំបួនរយរៀល ទូរស័ព្ទចល័តចំនួន២គ្រឿង និងកាបូបដៃចំនួន១ផងដែរ ដោយឡែកថ្នាំញៀនចំនួន២កញ្ចប់ (ធំ១តូច១) ជនសង្ស័យលាក់ទុកដោយរុំបង់ជាប់នៅចំកំភួនជើងខាងឆ្វេង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន ២កញ្ចប់ខាងលើនេះ គឺពិតជារបស់ខ្លួនបានទិញយកមកទុកលក់ និងចែកចាយបន្តពិតប្រាកដមែន។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏បាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់