ព័ត៌មានជាតិ

ម្តាយនិងជីដូនទ្រហោយំ ពេលតុលាការសម្រេចឃុំខ្លួនកូនគាត់ពីបទប៉ុនប៉ងលួច!

កណ្ដាល: មួយគ្រួសាររួមមានជីដូននិងម្តាយ បានស្រែកទ្រហោយំក្នុងបរិវេណតុលាការខេត្តកណ្ដាល បន្ទាប់ពីលោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនយុវជនម្នាក់ពីបទប៉ុនប៉ងក្នុងអំពើលួច។

ជីដូននិងម្តាយយុវជនឈ្មោះ សេង គឹមសួរ អាយុ២២ឆ្នាំ បានស្រែកទ្រហោយំនិងរៀបរាប់ថា កូនប្រុសពេលប្រព្រឹត្តបទល្មើសគឺកំពុងបែកថ្នាំខ្លាំងឬហៅថា ប្រើប្រាស់គ្រឿងញៀនហួសកម្រិត។ ពួកគាត់សង្ឃឹមថា តុលាការនឹងដោះលែងយុវជនរូបនេះឲ្យមានសេរីភាពឡើងវិញ។

របាយការណ៍នគរបាលស្រុកខ្សាច់កណ្ដាលបង្ហាញថា កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ មានករណីប៉ុនប៉ងលួច ត្រង់ចំណុចធនាគារអេស៊ីលីដា ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

នគរបាលបានបញ្ជាក់ថា ជនសង្ស័យបានកាន់ដែកគាស់ ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនសំដៅមកឃុំព្រែកតាមាក់។ ពេលមកដល់ចំណុច ធនាគារអេស៊ីលីដា ភូមិក្នុង ឃុំព្រែកតាមាក់ ជនសង្ស័យបានឈប់ម៉ូតូនៅមុខ ទូរATM ហើយបានយកដែកគាស់ ដើរចូលទៅក្នុងបន្ទប់ATM រួចបានវាយទៅលើកញ្ចក់ អេក្រង់បណ្តាលឲ្យឆ្អា(កូដ) ។ ពេលនោះបុគ្គលិករបស់ធនាគារបានឃើញសកម្មភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព ក៏ចេញមកអន្តរាគមន៍ ដេញចាប់ជនសង្ស័យហើយប្រជាពលរដ្ឋនៅទីនោះក៏ជួយដេញចាប់ព្រមទាំងវាយលើជនសង្ស័យបណ្តាលឲ្យមានរបួសស្នាម និងប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចនគរបាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

មតិយោបល់