ព័ត៌មានជាតិ

ជិះម៉ូតូចេញពីស្រែទៅផ្ទះត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង ស្លាប់និងរបួសធ្ងន់២នាក់

បន្ទាយមានជ័យ: លោកនាយរងផ្នែកចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចម្ការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង បន្ទាប់ពីមានម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៨ បើកបរដោយបុរសម្នាក់ឈ្មោះ ធិម ជីន ភេទប្រុស​ អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិចម្ការចេក ឃុំរហាត់ទឹក បានជិះចេញពីផ្លូវលំមកពីស្រែទៅផ្ទះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក វ៉េវ ស៊េរីឆ្នាំ២០០២ បើកបរដោយឈ្មោះ ចូន ឈិន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិចកកើត ឃុំរហាត់ទឹក ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង រហូតបណ្តាលឲ្យភាគីអ្នកបើកបរខាងម៉ូតូសេ១២៥ ស៊េរីឆ្នាំ១៩៩៩ ស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរម៉ូតូវ៉េវ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់